ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺសារទឹក ដល់សត្វពាហនៈ ជូនប្រជាកសិករ ក្នុងស្រុកកងមាស

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក ដល់សត្វពីហនៈ ជូនប្រជាកសិករក្នុងភូមិអូរកណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមាស ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វពាហនៈ នាពេលនេះ គឺក្នុងគោលបំណង ដើម្បីការពារជំងឺឆ្លង ជាពិសេសទប់ស្កាត់កុំឱ្យមានជំងឺសារទឹក កើតឡើងដល់សត្វពាហន: របស់ប្រជាកសិករយើង ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ការចិញ្ចឹមសត្វពាហនៈ របស់ប្រជាកសិករយើង គឺមិនត្រឹមតែមានប្រយោជន៍សម្រាប់ភ្ជួរ រាស់ ប៉ុណ្ណោះទេ ដោយពួកគាត់ក៏អាចទទួលផលប្រយោជន៍ ពីការលក់សាច់សត្វពាហនៈទាំងនោះផងដែរ។

ម្យ៉ាងទៀត តាមរបាយការណ៍ របស់មន្ទីរកសិកម្ម បញ្ជាក់ថា ខេត្តកំពង់ចាមមានការនាំសាច់ចេញ ទៅក្រៅខេត្តច្រើនជាងខេត្តដទៃ ដើម្បីលក់នៅទីផ្សារ ផ្គត់ផ្គង់ តម្រូវការរបស់ប្រជាពលរដ្ឋ ។ ដូច្នេះការផ្គត់ផ្គង់សាច់សត្វទៅខាងក្រៅនេះ ដើម្បីឲ្យទទួលបានគុណភាព ការគាំពារផ្នែកសុខភាព គឺប្រជាកសិករយើងចាំបាច់ ត្រូវតែការពារសុខភាពសត្វ ដើម្បីធ្វើឲ្យសាច់សត្វមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលទទួលទាន ។

លោកអភិបាលខេត្ត បានរំលឹកផងដែរថា កាលពីឆ្នាំមុន សម្រាប់ស្រុកកងមាស ធ្លាប់មានបញ្ហា សត្វពាហនៈកើតជំងឺសារទឹក ។ ចំពោះឆ្នាំនេះ នៅក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ក៏មានបញ្ហាជំងឺនេះកើតទៅលើសត្វក្របី ចំនួន ៧ក្បាល ប៉ុន្តែប្រការនេះ ត្រូវបានមន្ត្រីជំនាញពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្ត ចុះទៅពិនិត្យនិងព្យាបាល សង្គ្រោះបានទាន់ពេលវេលា នឹងត្រូវបានបិទ បញ្ចប់នៅស្រុកស្រីសន្ធរនោះ មិនមានការឆ្លងរាលដាល ទៅតំបន់ផ្សេងៗ នោះទេ ។

លោកអភិបាលខេត្ត បានយកឱកាសនោះផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយសារបច្ចុប្បន្ន អាកាសធាតុមានការប្រែប្រួល បង្ករឲ្យមានជំងឺច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវការពារបឋម ដោយចាក់វ៉ាក់សាំង ឬ រស់នៅស្អាត មានអនាម័យល្អ ហើយប្រសិនបើប្រជាពលរដ្ឋមានជំងឺ សូមប្រញ៉ាប់ទៅពិគ្រោះ និងព្យាបាលនៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ៕

To Top