ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ត្រូវមានភាពសកម្មក្នុងការតាមដាន និងក្តាប់ឲ្យបាននូវព័ត៌មានដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹងសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រង ដោយត្រូវផ្សព្វផ្សាយ ស្រាយបំភ្លឺ និងពន្យល់ឲ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ទៅកាន់សាធារណជន ពិសេសពលរដ្ឋទទួលសេវា។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ កក្កដា លោកឧបនាយករដ្ឋមន្ដ្រី បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីឲ្យមហាជន បានជ្រួតជ្រាបពីវឌ្ឍនការងាររបស់ក្រសួងមហាផ្ទៃ និងទទួលយកមតិរិៈគន់ក្នុងន័យស្ថាបនាសំណើ និងសំណូមពរពីមហាជន។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពនានា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពការងាររបស់អង្គភាពសម្រេចបានកន្លងមក ក៏ដូចជាបកស្រាយបំភ្លឺនូវរាល់ករណី ឬហេតុការណ៍ចាំបាច់ណាមួយដែលវាយប្រហារប៉ះពាល់លើការដឹកនាំ និងគ្រប់គ្រង ដោយមិនរង់ចាំតែការបកស្រាយបំភ្លឺពីក្រុមអ្នកនាំពាក្យនោះឡើយ។

ជាមួយនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានណែនាំឲ្យដឹកនាំកិច្ចប្រជុំពិនិត្យ ស្រាវជ្រាវ តាមដាន និងវាយតម្លៃការងារជាប្រចាំ ដើម្បីវិភាគកែលម្អ តម្រង់ទិសការងារ ការតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយតាមអង្គភាពនីមួយៗរបស់ខ្លួន៕

