ភ្នំពេញ៖ ប្រទេសកម្ពុជា តាមរយៈ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ តាមទូរស័ព្ទដៃ «បាគង»(Bakong ) ដើម្បីសម្រួលដល់ការចាយវាយ របស់ភ្ញៀវទេសចរបរទេស ដែលពួកគេមកទស្សនាប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ ប្រវត្តិសាសស្ត្រដ៏ធំ ។
នៅក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ របស់ធនាគារជាតិ នាថ្ងៃទី១៩ ខែកក្កដា លោកស្រី ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គម្រោងដាក់ ដំណើរការ ប្រព័ន្ធទូទាត់ប្រាក់ តាមទូរស័ព្ទ Bakong សម្រាប់ភ្ញៀវទេសចរអន្តរជាតិនេះ នឹងត្រូវរៀបចំនៅ តាមព្រលានយន្តហោះនិងច្រកចេញចូលនានា ដើម្បីឱ្យភ្ញៀវអន្តរជាតិ ដែលមកដល់ប្រទេសកម្ពុជា អាចដោនឡូត អាចប្រើប្រាស់ភ្លាមៗតែម្ដង ។
លោកស្រី ជា សិរី បានថ្លែងថា «បន្តិចទៀតយើងមានដាក់ប្រព័ន្ធបាគង សម្រាប់ភ្ញៀវទេសចរ បានន័យថា ពេលភ្ញៀវទេសចរគាត់ចុះមក គាត់អាចដោនឡូត ប្រព័ន្ធបាគងយើង បើគាត់អត់មាន ប្រព័ន្ធនាគារ ក្នុងស្រុកដើម្បីដកលុយបំពេញប្រព័ន្ធបាគងទេ គាត់អាចប្រើកាតក្រេឌីត ដែលគាត់មានពីប្រទេស របស់គាត់ ដូចជា Visa Card, Master Card, ឬ UnionPay ជាដើម» ។
បើតាម លោកស្រីជា សិរី ការដាក់ចេញគម្រោងនេះ នឹងជួយសម្រួលដល់ភ្ញៀវទេសចរ ក្នុងការប្រើប្រាស់ និងអាចឱ្យពួកគេទទួលបានបទពិសោធឌីជីថល និងប្រព័ន្ធចាយវាយដោយមិនបាច់ប្រើសាច់ប្រាក់ ដោយសារតែកន្លងមកពួកគេ តែងមើលមកប្រទេសកម្ពុជា ជាប្រទេសក្រ ប្រទេសតូច ប្រហែលជាអត់មាននោះទេ ។ ប៉ុន្តែនៅពេលដែលពួកគេ ចុះមកដល់ប្រទេសកម្ពុជា ពួកគាត់មានបាគងប្រើ ហើយចាយវាយស្រួល ដូចប្រជាជននៅក្នុងស្រុកដែរ ។
ចំពោះការដាក់ឱ្យដំណើរការប្រព័ន្ធបាគង សម្រាប់ភ្ញៀវទេសចរនេះ ក៏ជាការឆ្លើយតបទៅនឹងបញ្ហា ដែលភ្ញៀវទេសចរមួយចំនួន បានជួបប្រទះក្នុងការចាយក្រដាសប្រាក់ធំៗ ជាពិសេសភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តសៀមរាប និងស្របពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជាអធិបតីបញ្ចុះបឋមសិលា សាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប បានណែនាំធនាគារជាតិ នៃកម្ពុជា ទម្លាក់លក្ខខណ្ឌមួយចំនួន ចំពោះការចាយវាយ ក្រដាសប្រាក់ ដុល្លារដែលមានភាពទក់ ឬមានស្នាមតិចតួច ដើម្បីផ្តល់ភាពងាយស្រួលដល់ការចាយវាយ របស់ភ្ញៀវទេសចរបរទេស និងពលរដ្ឋជាដើម។
“ប្រព័ន្ធបាគង” ត្រូវបានធនាគារជាតិ នៃកម្ពុជា ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដែលប្រព័ន្ធនេះប្រៀបដូចជាឆ្អឹងខ្នង នៃប្រព័ន្ធទូទាត់ ដែលអាចឱ្យអតិថិជន ធ្វើប្រតិបត្តិការភ្លាមៗជាអេឡិចត្រូនិកដូចជា ការទូទាត់ប្រាក់ ការផ្ទេរប្រាក់ ការដាក់ប្រាក់ និងការដកប្រាក់ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។
មិនតែប៉ុណ្ណោះ ក្នុងយុគសម័យឌីជីថល និងបច្ចេកវិទ្យាទំនើប តម្រូវការទូទាត់អេឡិចត្រូនិក ក៏កំពុងមានការកើនឡើង ការដាក់ឱ្យដំណើរការផ្លូវការ ប្រព័ន្ធបាគង នឹងជួយគាំពារដល់សុខុមាលភាពសង្គម និង ជាពិសេសរួមចំណែកស្រោចស្រង់ សេដ្ឋកិច្ចជាតិឡើងវិញ តាមរយៈការសម្រួលការទូទាត់ជា អេឡិចត្រូនិកពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ដោយពុំប៉ះពាល់ សាច់ប្រាក់ដោយផ្ទាល់ ៕