ព័ត៌មានជាតិ

ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង ប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១២ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ

ស្វាយរៀង៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១២ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង។

លោកវេជ្ជបណ្ឌិតចាន់ ដារ៉ា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានថ្លែងថា ការអនុវត្តសេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការបណ្តុះបណ្តាលបន្តការប្រតិបត្តិ វិជ្ជាជីវៈសុខាភិបាល របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តស្វាយរៀង មានបំណងផ្លាស់ប្ដូរបទពិសោទធន៍ ពង្រឹងនូវគុណវុឌ្ឍន៍ ផ្តល់សេវាកម្មវេជ្ជសាស្ត្រ ដែលមានគុណភាព ប្រសិទ្ធភាព ទាំងគុណធម៌ សមធម៌ សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៃរដ្ឋបាលខេត្តស្វាយរៀង បានគូសបញ្ជាក់ថា មន្ទីរសុខាភិបាលមានប្រធាន១រូប និងអនុប្រធាន៣រូប ការិយាល័យ៤ មានស្រុកប្រតិបត្តិចំនួន៤, មន្ទីរពេទ្យខេត្ត១, មន្ទីរពេទ្យបង្អែកស្រុក៥ មានគ្រែសរុប៤៧៧ និងមានមណ្ឌលសុខភាព៤៩ប៉ុស្តិ៍សុខភាព២។

លោកវេជ្ជបណ្ឌិត គុជ សុីថា បានបន្តថា ចំពោះការងារគណៈគ្រូពេទ្យវិញ មន្ទីរសុខាភិបាលខេត្តបានសហការគ្នាយ៉ាងល្អប្រសើរ ជាមួយក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង ក្នុងការត្រួតពិនិត្យតាមដានការ អនុវត្តន៍វិជ្ជាជីវៈ ក៏ដូចជាក្រមសីលធ៌មគ្រូពេទ្យ និងបានសហការចុះពិនិត្យស្រាវជ្រាវ និងដោះស្រាយរាល់បញ្ហា ឬបាតុភាពដែលបានកើតមាននៅក្នុងខេត្តជាច្រើនលើក។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីពង្រឹងគុណវុឌ្ឍន៍វេជ្ជបណ្ឌិត គ្រូពេទ្យ ឲ្យកាន់តែប្រសើមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង និង បន្តការគាំទ្រ និងសហការជាមួយក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀងក្នុងការអនុវត្តន៍ផែនការបណ្តុះបណ្តាលបន្ត សហការរៀបចំ CPD ២ដងក្នុងមួយឆ្នាំ សហការរៀបចំ Collogue ២ក្នុងមួយខែ និងគាំទ្រការចុះពិនិត្យលក្ខណៈបច្ចេកទេសក្នុងការផ្តល់សេវាតាមសេវាឯកជន សហការរាល់សកម្មភាពផ្សព្វផ្សាយច្បាប់ សេចក្តីណែនាំនិងក្រមសីលធ៌មវិជ្ជជីវគាំទ្រការចុះពិនិត្យស្រាវជ្រាវ និងចាត់វិធានការករណីមានបាតុភាពវិជ្ជជីវសុខាភិបាល។

ទន្ទឹមនេះ លោកវេជ្ជបណ្ឌិត បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់នៅទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ ចូលរួមក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តន៍បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ នៃវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន ឲ្យប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព កាត់បន្ថយអត្រាស្លាប់ ពិការភាព និងគ្រោះថ្នាក់ ដោយការប្រើប្រាស់ឱសថផ្សេងៗ និងសេវាកម្មខុសច្បាប់ ឬគ្មានគុណភាពជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី១២នេះដែរ ក៏មានការប្រជុំតាមតាមប្រពន្ធ័zoom និងធ្វើបទបង្ហាញពីលោកសាស្ត្រាចារ្យជំនាញ រួមមាន៖ ប្រធានបទទី១៖ ដឹកនាំដោយសាស្ត្រាចារ្យ អុិច ឃុយ អំពីការគ្រប់គ្រងជំងឺបាក់បែកឆ្អឹងចំហរមុខធ្វើបទបង្ហាញដោយវេជ្ជបណ្ឌិត ខឹម ណាក់ ប្រធានបទទី២៖ ដឹកនាំសាស្ត្រាចារ្យ ពៅ ប៊ុនធឿន អពីជំងឺបាក់ស្បាត ធ្វើបទបង្ហាញដោយវេជ្ជបណ្ឌិត សូរ មុន្នីរ័ក្ស  ប្រធានបទទី៣៖ ប្រធានដឹកនាំសាស្ត្រាចារ្យ កេត លីសុត្ថា អំពីសុពាំងមាត់ស្បូន ធ្វើបទបង្ហាញដោយលោកស្រីវេជ្ជបណ្ឌិត ពេជ្រ សុវណ្ណឌី ប្រធានបទទី៤៖ ដឹកនាំលោកបណ្ឌិត ញ៉ែម សុភារ័ត្ន អពីជំងឺរលួយសាច់ដុំបេះដូង ធ្វើបទបង្ហាញដោយបណ្ឌិត គង់ សុខ ហើយក៏មានសួរសំណួរ ដើម្បីឲ្យលោកវេជ្ជបណ្ឌិត ដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធី ធ្វើការឆ្លើយតប និងមានការចែកវិញ្ញាបនបត្របញ្ជាក់ការចូលរួមដល់ក្រុមគ្រូពេទ្យ ជាសមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង ព្រមទាំងមានការធ្វើបទបង្ហាញពីក្រុមហ៊ុនឱសថមួយចំនួនផងដែរ៕

To Top