ភ្នំពេញ ៖ លោក មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារលើកទី៥ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន (CEAPAD) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។

កិច្ចប្រជុំបានពិភាក្សាអំពីតួនាទីរបស់អាជ្ញាធរប៉ាឡេស្ទីនក្នុងការស្តារ និង កសាងតំបន់ហ្គាហ្សាឡើងវិញ កិច្ចខិតខំប្រឹងប្រែង នៃការផ្តល់ជំនួយ សម្រាប់ប្រជាជនប៉ាឡេស្ទីន និងសារៈសំខាន់នៃការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការតាមរយៈ CEAPAD ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រទេសជប៉ុន និងរដ្ឋប៉ាឡេស្ទីន ដែលជាសហប្រធាននៃកិច្ចប្រជុំបានស្វាគមន៍កម្ពុជា និងឡាវ ក្នុងនាមជាសមាជិកផ្លូវការថ្មីនៃ CEAPAD។

ក្នុងឱកាសនោះ លោក មាស គឹមហេង គូសបញ្ជាក់ថា «កម្ពុជាវាយតម្លៃខ្ពស់ ចំពោះការរួមចំណែក របស់ប្រទេសសមាជិក CEAPAD និងភាគីពាក់ព័ន្ធ ក្នងកិច្ចខិតខំប្រឹងប្រែងកៀរគរ នូវជំនួយនានាដើម្បីជួយគាំទ្រ និងពង្រឹងសមត្ថភាពរបស់ប៉ាឡេស្ទីន សម្រាប់ការសម្រេចបាននូវសេចក្តីប្រាថ្នា ដើម្បីស្ថិរភាពរ ការស្តារសេដ្ឋកិច្ចសង្គម និងសំខាន់ជាងនេះ គឺសន្តិភាពយូរអង្វែង» ។
ក្នុងនាមជាសមាជិកថ្មីរបស់ CEAPAD កម្ពុជាសង្ឃឹមថា នឹងចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងក្នុងការកសាង និងស្តារសេដ្ឋកិច្ច-សង្គមជាតិ ឡើងវិញ ៕
