ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះស្វែង យល់ពីការអាស្រ័យផលលើដីព្រៃលិចទឹក និងពិនិត្យស្ថានភាព ទីតាំងជាក់ស្តែងដីព្រៃលិចទឹក តំបន់២ និងតំបន់៣ ដែលបានកាត់ឆ្វៀល ជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសំរោងសែន និងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សូមជម្រាបថា ការចុះសិក្សាស្វែងយល់នាពេលនេះមានការចូលរួមអមដំណើរពីលោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរទន្លេសាប អគ្គនាយក អគ្គលេខាធិការ លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ព្រមទាំងមានការចូលរួម ពីលោកអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសចុះសិក្សាស្វែងយល់នេះដែរ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយអាជ្ញាធរដែនដី ក្នុងមូលដ្ឋានភូមិឃុំស្រុកខេត្ត ដើម្បីស្វែងយល់បន្ថែមពីសារបាន ពីការអាស្រ័យផលរបស់ប្រជាពលដ្ឋទាំងពីរឃុំ ។

សូមបញ្ជាក់ថា បឹងទន្លេសាបត្រូវបានបែងចែកជា បីតំបន់គឺ តំបន់១ ជាតំបន់ភូមិដ្ឋាន របស់ប្រជាពលរដ្ឋអាចចុះបញ្ជីដីធ្លី និងផ្តល់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋបាន ហើយតំបន់២ ជាតំបន់ទ្រនាប់ដែលស្ថិតនៅចន្លោះរវាងតំបន់១ និងតំបន់៣ ដែលតំបន់នេះអាចអនុញ្ញាតផ្តល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផល ជូនប្រជាពលរដ្ឋបាន និងតំបន់៣ ជាតំបន់ព្រៃលិចទឹក និងជាតំបន់ហាមឃាត់ប៉ះពាល់ដាច់ខាត ។ ខេត្តចំនួន៦ ដែលស្ថិតនៅជាប់បឹង ទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។ បឹងទន្លេសាបសម្បូរ ទៅដោយប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ ដែលត្រូវថែរក្សាការពារឱ្យបានគង់វង្ស ដែលជាសម្បត្តិមហាសាលសម្រាប់មនុស្សជាតិ ជាពិសេសដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ជុំវិញបឹងទន្លេសាប ៕













