ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាលលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃ២០ កក្កដា បានបន្តអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តមណ្ឌលគិរី។

ឆ្លៀតក្នុងឱកាសពិធីសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល រួមទាំងថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍គន្លឹះចំនួន១០ ចំណុច សម្រាប់ការអនុវត្តការងារកាន់តែប្រសើរ ជាមួយនឹងនិរន្តរភាព សំដៅជាលទ្ធផលឈរលើគុណតម្លៃចម្បងទាំង៤ សុវត្ថិភាព ប្រសិទ្ធភាព គុណភាព និងការទទួលយកបានដោយពេញចិត្ត ដូចខាងក្រោម៖

១) យកចិត្តទុកដាក់លើការងារអនាម័យ និងសោភណ្ឌភាពក្នុងទីតាំងផ្តល់សេវាថែទាំព្យាបាល ដែលជាផ្នែកសំខាន់មិនអាចខ្វះបាន ចូលរួមជាមួយប្រសិទ្ធភាពនៃការព្បាល ឆាប់បានជាសះស្បើយ។
២) បំពេញតម្រូវការ ទាំងបរិមាណ និងពិសេសគុណភាព ជាបន្តបន្ទាប់ លើសម្ភារៈបរិក្ខា ឱសថ។

៣) ពិនិត្យស្វែងយល់ពីសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំណុចខ្លាំង និងចំណុចដែលត្រូវបំពេញ និងនាំមានការបណ្តុះបណ្តាលជាប់ជាប្រចាំ ទៀងទាត់ ទាំងក្នុងអង្គភាព ទាំងអន្តរអង្គភាព ទាំងក្នុងខេត្តខ្លួន និងអន្តរខេត្ត រហូតមកដល់ថ្នាក់ជាតិ។
៤) ខិតខំកត់ត្រាពត៌មានអ្នកជំងឺ អោយបានគ្រប់ជ្រុងជ្រោយ និងថែរក្សា ឯកសារទាំងអស់អោយបានល្អ គង់វង្ស។

៥) បន្តបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយះរយះវិធានការបង្ការរោគ ដូចជាវិធានលាងសម្អាតដៃ ជាដើម។
៦) ត្រៀមបន្ទាន់ជាលក្ខណៈបច្ចេកទេស និងធនធានមនុស្ស ជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្នបន្ទាន់ៗ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

៧) ផ្តល់ឱកាសទូលំទូលាយ ទទួលយកនូវពត៌មានត្រលប់ពីប្រជាពលរដ្ឋ បងប្អូនអ្នកជំងឺ និងអ្នកជំងឺ ការពេញចិត្តពេញថ្លើមរបស់គាត់ និងការផ្តល់ជាគំនិតស្ថាបនា។
៨) បង្កើនសមត្ថភាពថែទាំសម្ភារៈបរិក្ខារ និងអគារថែទាំព្យាបាល អោយបានល្អ និងនៅរក្សាបានជាដំណើរការ ប្រកបដោយគុណភាព។

៩) រួមគ្នាគិតពិចារណារិះរកមធ្យោបាយពង្រីកសេវាជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសាកល។
១០) បង្កើនជាប់ជាប្រចាំ និងកាន់តែខ្លាំងក្លា សកម្មភាពចុះអប់រំសុខភាព វិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងក្នុងសហគមន៍។
ឆ្លៀតនៅតាមផ្លូវធ្វើដំណើរឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញចុះពិនិត្យការផ្តល់សេវា សុខាភិបាលជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពអូអាមផងដែរ ៕






