ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ នឹងទៅចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅឡាវ

រូបភាព៖ ក្រសួងការបរទេសខ្មែរ

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និង កិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ពីថ្ងៃទី២៤-២៧ កក្កដា នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី២២ កក្កដានេះ បានឲ្យដឹងថា ការចូលរួមកិច្ចប្រជុំនៅឡាវ របស់ប្រមុខការទូតខ្មែរ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្តល់ឱកាសដើម្បីពិភាក្សាការងារកសាងសហគមន៍អាស៊ាន រួមទាំងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ានបន្ថែមទៀត ដើម្បីសម្រេចបានតំបន់មួយដែលកាន់តែមានភាពតភ្ជាប់ និងភាពធន់ជាងមុនសម្រាប់វិបុលភាពរួម។

លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំដាច់ដោយឡែកក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន សាធារណរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក។

ក្នុងឱកាសស្នាក់នៅទីក្រុងវៀងចន្ទន៍ លោកឧបនាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋមន្ត្រីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ លោកឧបនាយករដ្ឋមន្ត្រី ក៏រំពឹងថា នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីបរទេសមួយចំនួន ដើម្បីពិភាក្សាពីកិច្ចសហ ប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ៕

To Top