ភ្នំពេញ ៖ ក្នុងឱកាស ប្រារព្ធពិធីបើកការដ្ឋាន សាងសង់ផ្លូវការ “ព្រែកជីកហ្វូណនតេជោ” ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ អគ្គនាយកដ្ឋាន ទូរទស្សន៍បាយ័ន រៀបចំការប្រគំតន្ត្រី នៅក្នុងបរិវេណកោះពេជ្រ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង១៦តទៅ ដើម្បីឲ្យមានភាពអធិកអធមបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ក្រុមសិល្បករ -សិល្បការិនីចូលរួមសម្តែងរួមគ្នា ដើម្បីបង្ហាញស្មារតីជាតិ ខ្មែរតែមួយ ។
យោងតាមសេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃ២២ កក្កដាបានឲ្យដឹងថា “ដើម្បីចូលរួមអបអរសាទរ ព្រឹត្តិការណ៍ពិធីបើកការដ្ឋានខាងលើ ឲ្យបានអធិកអធម និង បង្ហាញពីសក្ខីភាពគាំទ្រសាទរ ជាពិសេសសម្តែង ឲនូវការគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះអគ្គមគ្គទេសក៍ បិតាស្ថាបនិក សន្តិភាពកម្ពុជា” សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា និងបន្តពូនជ្រំអនុវត្តយ៉ាងសស្រាក់សស្រាំ ឲ្យចេញជាសមិទ្ធផលពិតប្រាកដ ទុកជាកេរមរតកដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងភាពឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់សិល្បករ-សិល្បការិនី ចូលរួមសម្តែង និងបញ្ចេញទេពកោសល្យ ដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយ ក្រោមម្លប់សន្តិភាព ដ៏សែនត្រជាក់ត្រជុំរបស់យើងទាំងអស់គ្នា”។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បករ-សិល្បការិនី នឹងចូលរួមការប្រគំតន្ត្រីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឲ្យកាន់តែមហោឡារិក និងប្រកបដោយមោទកភាពជាតិ ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី ដែលកើតចេញពីការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់នីតិកាល៕