ព័ត៌មានជាតិ

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កម្មវិធីភាពជាដៃគូ ត្រីភាគីរបស់អ.ស.ប.”

ភ្នំពេញ ៖ ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កម្មវិធីភាពជាដៃគូត្រីភាគី របស់អ.ស.ប.” (អ.ស.ប. Triangular Partnership Program, TPP) ក្រោមកិច្ចសហប្រតិបត្តិការ អ.ស.ប., សាធារណរដ្ឋកូរ៉េ-កម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ និងជាមួយប្រទេសជប៉ុនក្នុងឆ្នាំ២០២៥ ខាងមុខ។

ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃ២២ កក្កដា លោក អាទល់ ការ៉េ (Atul KHARE) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការលោក បានកោតសរសើរពីការប្តេជ្ញារបស់កម្ពុជា ក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក ។

លោកបន្ថែមថា សកម្មភាពដ៏អស្ចារ្យនេះ បង្ហាញឲ្យឃើញថា កម្ពុជាស្ថិតនៅលើគន្លងផ្លូវដ៏ប្រសើរដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្ម រក្សាសន្តិភាពរបស់អ.ស.ប. មកជាប្រទេស ផ្តល់កងកម្លាំងរក្សាសន្តិភាពផង បណ្តុះបណ្តាលកងទ័ពរក្សាសន្តិភាពផង ដែលមានទាំងផ្នែកយោធា ប្រយុទ្ធការពារ ផ្នែកពេទ្យ គិលានុបដ្ឋាយិកា និងកងទ័ពបោសសម្អាតមីនឲ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព។

លោកបានលើកឡើងថា កងទ័ពមួកខៀវកម្ពុជាដែលបំពេញបេសកកម្មនៅបរទេសទាំងប្រុស ទាំងស្រី សុទ្ធសឹងតែជានាយទាហានប្រកបដោយភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

ចំពោះសម្តេចតេជោ បានពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ដែលកម្ពុជាត្រូវបានជ្រើសរើសជាដៃគូ និងជាម្ចាស់ផ្ទះ សម្រាប់កម្មវិធីភាពជាដៃគូត្រីភាគី រក្សាសន្តិភាពរបស់អ.ស.ប. ដោយសហការជាមួយសាធារណរដ្ឋកូរ៉េ-ជប៉ុន។ កម្ពុជា គឺជាជម្រើសដ៏ល្អបំផុត សម្រាប់ភាពជាដៃគូត្រីភាគីនេះ អាស្រ័យដោយកត្តាសន្តិភាព មានជំនាញក្នុងការបោសសម្អាតមីន ជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម និងមានការចំណាយតិច ។

សម្តេចបន្តថា កម្ពុជា ក៏ជាម្ចាស់ផ្ទះ នៃមជ្ឈមណ្ឌលសកម្មភាពមីនអាស៊ានផងដែរ ។ ក្នុងន័យនេះ ក្រៅពីប្រទេសក្នុងតំបន់អាស៊ាន កម្ពុជាក៏បើកទ្វារស្វាគមន៍ រាល់ប្រទេសទាំងអស់ ដែលចង់បញ្ជូនមន្រ្តីមករៀនជំនាញបោសសម្អាតមីន ដែលកន្លងមកក៏មានប្រទេសអ៊ុយក្រែនផងដែរ ។ កម្ពុជាចាំច្បាស់ថា ប្រទេសជាមិត្ត បានពាក់មួកខៀវមកជួយកម្ពុជា ដូចនេះកម្ពុជាក៏ត្រូវពាក់មួកខៀវ ជួយប្រទេសទាំងអស់ ដែលជាមិត្តរបស់កម្ពុជាវិញដូចគ្នាផងដែរ៕

To Top