ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ត្រៀមខ្លួនរួចជាស្រេច បន្តបញ្ជូនកម្លាំង រក្សាសន្តិភាពកម្ពុជា ចូលរួមជាមួយ UN

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តបញ្ជូន កងកម្លាំងរក្សាសន្តិភាព របស់កម្ពុជា ដើម្បីចូលរួមជាមួយអង្គការ សហប្រជាជាតិ UN ក្នុងការថែរក្សាសន្តិភាព និងបោសសម្អាតមីនមនុស្សធម៌។

ការលើកឡើងរបស់សម្ដេចធិបតី នាឱកាសអនុញ្ញាតឲ្យលោក អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ ប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសម្ដែងការគួរសម នាថ្ងៃ២២ កក្កដា ។។

ក្នុងជំនួបលោកអគ្គលេខាធិការរង បានកោតសរសើរអំពីជោគជ័យរបស់កម្ពុជា និង ចាត់ទុកកម្ពុជា ជាប្រទេសគំរូ ដែលបានប្រែក្លាយពីប្រទេស ដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ទៅជាប្រទេស ដែលបានចូលរួមចំណែកក្នុង ការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ជាមួយគ្នានេះ កម្ពុជាបានផ្ដល់ការ បណ្ដុះបណ្ដាលផ្នែកបោសសម្អាតមីន ដល់បណ្ដាប្រទេសមួយចំនួន និងមានមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន ។

បន្ថែមពីនេះ លោកអគ្គលេខាធិការរង ក៏បានសម្ដែងនូវការគាំទ្រចំពោះកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពី ការហាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤។ លោកអគ្គលេខាធិការរង បានកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័ស របស់កម្ពុជា និងបានអបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលអនាគតដ៏ខ្លី។

ជាការឆ្លើយតប សម្ដេចធិបតី បានអរគុណអង្គការសហប្រជាជាតិ ដែលបានរួមចំណែកកសាងនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបានគាំទ្រ និងបន្តគាំទ្រកងកម្លាំង រក្សាសន្តិភាពរបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ៕

To Top