ព័ត៌មានជាតិ

អគ្គលេខាធិការរងអ.ស.ប. ៖ សម្តេចតេជោ មិនត្រឹមតែជាមេដឹកនាំ ដែលនាំមកសន្តិភាព ដល់កម្ពុជាប៉ុណ្ណោះទេ តែបានផ្តល់សន្តិភាព ដល់ពិភពលោក

ភ្នំពេញ ៖ លោក Atul KHARE អគ្គលេខាធិការរង នៃអ.ស.ប. ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ បានមើលឃើញពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាថា មិនមែនត្រឹមជាមេដឹកនាំ ដែលនាំមកសន្តិភាពមកដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំដែលផ្តល់សន្តិភាព ទៅដល់បណ្តាប្រទេសដទៃទៀត នៅលើពិភពលោក។

ក្នុងឱកាសចូលជួបសម្ដែង ការគួរសម ជាមួយសម្ដេចតេជោ នៅថ្ងៃ២២ កក្កដា លោក Atul KHAREបានរំលឹកថា រូបលោកបានជួបសម្តេច លើកដំបូងនៅឆ្នាំ១៩៩២ ក្នុងតួនាទីតំណាងឲ្យប្រទេសឥណ្ឌា ចូលរួមស្វែងរកសន្តិភាពជូនកម្ពុជា ។ កម្ពុជាបានឆ្លងកាត់ចម្ងាយផ្លូវ ពោរពេញដោយសង្រ្គាម យូរណាស់ ទម្រាំមានសន្តិភាពដូចសព្វថ្ងៃ ។

លោកបញ្ជាក់ថា «សូមអបអរសាទរ និងសូមកោតសរសើរ យ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ដែលមិនមែនត្រឹមជា មេដឹកនាំ ដែលនាំមកនូវសន្តិភាព ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំ ដែលផ្តល់សន្តិភាព ទៅដល់បណ្តាប្រទេសដទៃទៀត នៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំរក្សាសន្តិភាព របស់កម្ពុជាទៅកាន់តំបន់ និងប្រទេសមួយចំនួននៅក្នុងពិភពលោក នាពេលកន្លងមក»។

ជាមួយគ្នានេះ លោកក៏បានចូលរួមរំលែកមរណទុក្ខ ជាមួយសម្តេចតេជោ ចំពោះការបាត់បង់អាយុជីវិត នាយទាហានមួកខៀវកម្ពុជា ចំនួន១១នាក់ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប.ផងដែរ ។ លោកថា បើទោះបីជា អ.ស.ប. បានផ្តល់ប្រាក់ធានារ៉ាប់រងអាយុជីវិត ជូនយុទ្ធជន ដែលបានបូជាជីវិតនោះពិតមែន ប៉ុន្តែ អ.ស.ប. យល់ច្បាស់ថា មិនអាចធ្វើឲ្យពួកគេមានជីវិតឡើងវិញបាននោះទេ ។

ជាកិច្ចឆ្លើយតបសម្តេចតេជោ អរគុណលោក Atul KHAREដែលបានរំលឹកពីជំនួបលើកដំបូង កាលពី៣២ឆ្នាំមុន។
សម្តេចតេជោរីករាយណាស់ ដោយដឹងថា លោកបានទៅទស្សនា ខេត្តសៀមរាប និងព្រះវិហារ ដោយបានឃើញ ដោយផ្ទាល់ពីការរីកចម្រើន របស់កម្ពុជាលើគ្រប់វិស័យ ជាពិសេស ការបោសសម្អាតមីននៅកម្ពុជា ដោយលោកបានធ្វើដំណើរ តាមផ្លូវដោយគ្មានការភ័យខ្លាច។

សម្តេចតេជោគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏ល្អមួយរបស់ អ.ស.ប. ក្នុងកិច្ចសហប្រតិបត្តិការ រក្សាសន្តិភាពក្នុងពិភពលោក។ កម្ពុជាបានប្រែក្លាយ ពីប្រទេស ដែលធ្លាប់មានសង្រ្គាមរ៉ាំរ៉ៃ មកប្រទេសដែលមានសុខសន្តិភាព ចាប់តាំងពីឆ្នាំ១៩៩៨មក និងមានលទ្ធភាពបញ្ជូនកងទ័ពមួកខៀវ ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅលើពិភពលោក ក្រោមឆ័ត្ររបស់អ.ស.ប.។

សម្តេចបន្តថា កម្ពុជាដែលប្រែក្លាយពីអាណាចក្រ ដ៏ធំនៅអាស៊ី មកជាប្រទេសតូចដូចសព្វថ្ងៃ គឺដោយសារតែសង្រ្គាម ចម្បាំងរាំងជល់ ការបែកបាក់ទឹកដី អស់រយៈពេលជាង ៥០០ឆ្នាំ ។ សម្ដេចតេជោ បានរំលឹកថា ក្រោយពេលដែលអ៊ុនតាក់ដកចេញពីកម្ពុជា កម្ពុជានៅមានសង្គ្រាមនៅឡើយ។ ប៉ុន្តែសម្ដេចបានយកជីវិតទៅប្ដូរ ដោយចូលទៅកាន់តំបន់ខ្មែរក្រហម អនុវត្តនយោបាយឈ្នះ-ឈ្នះ រហូតទទួលបាននូវភាពជោគជ័យនៅចុងឆ្នាំ១៩៩៨។ សម្តេចថា ប្រសិនបើគ្មានការអនុវត្តនយោបាយឈ្នះ-ឈ្នះនោះទេ កម្ពុជាក៏មិនអាចបញ្ជូនកងទ័ពរក្សាសន្តិភាព សហការជាមួយ អ.ស.ប. ទៅជួយប្រទេសណានោះឡើយ ៕

To Top