ភ្នំពេញ ៖ លោកស្រី កូឡុន អេភូហាមីលឡាច ចាមីនដា អ៊ីណូកា កូឡុន ឯកអគ្គរដ្ឋទូតស្រីលង្កាចប់អាណត្តិប្រចាំកម្ពុជា បានសន្យាថា នឹងបន្តរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការររវាងប្រទេសទាំងពីរបន្ថែមទៀត បើទោះបីជាបញ្ចប់អាណត្តិបេសកកម្មក៏ដោយ ។
ការថ្លែងសន្យារបស់ទូតស្រីលង្កា ធ្វើឡើងក្នុងឱកាសចូលរួមជួបជម្រាបលា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃ២២ កក្កដា ។
ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតស្រីលង្កា បានកត់សម្គាល់ដោយក្តីពេញចិត្តខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងស្រីលង្កា និងបានផ្លាស់ប្តូរយោបល់អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលនាំមកនូវផលប្រយោជន៍រួមរវាងប្រទេស និងប្រជាជនទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងតំបន់ និងអន្តរជាតិ។
លោកស្រីទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងសម្រាប់បេសកកម្មការទូតនៅកម្ពុជា ហើយបានសន្យាថា «នឹងបន្តរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការររវាងប្រទេសទាំងពីរ បើទោះបីជាបញ្ចប់អាណត្តិបេសកកម្មក៏ដោយ» ៕