ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានណែនាំក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរមីន ដឹកនាំចុះពិនិត្យផ្ទៀងផ្ទាត់នូវលទ្ធផលទិន្នន័យចម្ការមីន និងចម្ការគ្រាប់បឋម ដែលបានរកឃើញដោយអង្គភាពស៊ីម៉ាក់ ដើម្បីពិនិត្យឡើងវិញលើផែនទីចម្ការមីនបច្ចុប្បន្ន ។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធផលស្រាវជ្រាវការរកឃើញចម្ការមីនថ្មី ក្រោមការដឹកនាំរបស់អាជ្ញាធរមីន និងអនុវត្តការសិក្សាស្រាវជ្រាវដោយអង្គភាពស៊ីម៉ាក់ ក្នុងកិច្ចសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃ២៣ កក្កដា លោក លី ធុជ បានកោតសរសើរដល់អង្គភាពស៊ីម៉ាក់ ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយបន្ថែមនូវចម្ការមីន និងចម្ការគ្រាប់ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប និងខេត្តកំពង់ធំ ដែលសម្រេចបានគួរឲ្យកត់សម្គាល់។

ជាមួយគ្នានោះ លោក លី ធុជ បានគូសបញ្ជាក់ថា «ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរមីន ដឹកនាំចុះពិនិត្យផ្ទៀងផ្ទាត់នូវលទ្ធផលទិន្នន័យចម្ការមីន និងចម្ការគ្រាប់បឋម ដែលាបានរកឃើញដោយអង្គភាពស៊ីម៉ាក់ ដើម្បីពិនិត្យឡើងវិញលើផែនទីចម្ការមីនបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព»។

លោកបន្ដថា ក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវឈរលើគោលការណ៍បច្ចេកទេសស្របតាមស្ថានភាពបច្ចុប្បន្ន ដែលផ្ទៃដីជាច្រើនត្រូវបានប្រជាពលរដ្ឋឈូសឆាយ ឬបានដាំដុះរួចមកហើយ ដើម្បីចៀសវាងការកើនឡើងផ្ទៃដីដែលត្រូវរៀបចំផែនការបោសសម្អាតជាបន្ត៕
