ព័ត៌មានជាតិ

សម្តេចតេជោ ស្នើតុលាការ កាត់ទោសដល់អតិបរមា ចំពោះជនបំភ្លៃរឿង កិច្ចព្រមព្រៀង CLV និងកុំដាក់ឈ្មោះ ចូលបញ្ចីលើកលែងទោស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីជំហរដែលមិនអាចលើកលែងទោសឲ្យបានឡើយ ចំពោះជនណា ដែលបានបំភ្លៃការពិត លើរឿងកិច្ចព្រមព្រៀងត្រីភាគី កម្ពុជា-ឡាវ-វៀតណាម (CLV) ខណៈសម្តេចតេជោ បានស្នើដល់តុលាការ ត្រូវដាក់ទោសឲ្យខ្ពស់ ដល់អតិបរមា ចំពោះជនទាំង៣រូបដែលត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗនេះ ខណៈសម្តេចស្នើដល់ក្រសួងយុត្តិធម៌ និងពន្ធនាគារ មិនត្រូវបញ្ចូលឈ្មោះពួកគេ ទៅក្នុងបញ្ចីឈ្មោះលើកលែងទោស ។

ក្នុង​ឱកាសថ្លែងសារពិសេស ជូនជនរួមជាតិ ទាក់ទិននិងកិច្ចព្រមព្រៀងត្រីភាគី នារសៀលថ្ងៃ២៣ កក្កដានេះ សម្តេចតេជោ បានប្រកាសពីការចាប់ខ្លួន មនុស្ស៣នាក់ ពីខេត្តសៀមរាប ពាក់ព័ន្ធការនិយាយបំភ្លៃលើកិច្ចព្រមព្រៀងត្រីភាគី ។ ក្នុងចំណោម៣នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួននេះ ត្រូវបានគេ ដឹងថា មានបុគ្គលម្នាក់ ស្រ៊ុនស្រ៊ន ដែលតែងតែអះអាងខ្លួនជាអ្នកបង្រៀន និងផ្សព្វផ្សាយពីកិច្ចព្រមព្រៀងទីក្រុងបារី ២៣តុលា លើបណ្តាញសង្គម ។

សម្តេចតេជោមានប្រសាសន៍ថា “យើងបានចាប់ខ្លួនមនុស្ស៣នាក់រួចទៅហើយ ​ថ្ងៃមុនចាប់មួយពីសៀមរាប ថ្ងៃនេះចាប់២ពីសៀមរាបមកទៀត គ្រូសន្តិសុខទីក្រុងបារីស ដែលមាននៅក្នុង TikTok និយាយដ៏អាក្រក់ ខ្ញុំមិនអាចទុកទេ ។ ទៅតថ្លៃគ្នា នៅក្នុងតុលាការ រកឯកសារមក ហើយខាងនេះ រកឯកសារ សូមអញ្ជើញប្រជាពលរដ្ឋ និងនិស្សិត ទៅស្រាវជ្រាវនៅក្រសួងពាណិជ្ជកម្ម ដើម្បីឲ្យដឹងថា អ្វីខ្លះទៅជាកិច្ចព្រមព្រៀងនៅទីនេះ គ្មានកិច្ចព្រមព្រៀងណាដែលទាក់ទិន ជាមួយនឹងការបញ្ចូលដែនដីជាមួយគ្នានោះទេ អត់មានទេ ក្រៅតែពីបញ្ហាសេដ្ឋកិច្ចសង្គម សន្តិសុខការពារជាតិ ដែលភាគីនីមួយៗត្រូវគ្រប់គ្រងដែនដីរបស់ខ្លួន និងការអភិវឌ្ឍក្នុងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នា បំពេញឲ្យគ្នាទៅវិញទៅមក” ។

ក្នុងនោះសម្តេចតេជោ បានចោទជាសំណួរទៅវិញថា ប្រសិនបើកិច្ចព្រមព្រៀងត្រីភាគី គឺជាការកាត់ដីឲ្យប្រទេសដទៃ ដូចការបំភ្លៃរបស់ជនមួយចំនួននោះ តើចាំបាច់អ្វី ដែលប្រទេសទាំង៣ មានកម្ពុជា វៀតណាម ឡាវ ត្រូវខិតខំបោះបង្គោព្រំដែន?។

សម្តេចតេជោមានប្រសាសន៍ថា “តើមានកិច្ចព្រមព្រៀងមួយណា ដែលមានទាក់ទងជាមួយនឹងការដោះដូរអធិបតេយ្យភាព ហើយបើសិនជាមានការ ដោះដូរអធិបតេយ្យភាព តើចាំបាច់ប្រទេសទាំង៣នេះ បោះព្រំដែនជាមួយគ្នាធ្វើអ្វី?” ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា “ការចោទប្រកាន់នេះ គឺជាការប្រមាថ ដែលមិនអាចលើកលែងទោសឲ្យបានទេ” ។

ក្នុងនោះសម្តេចតេជោ បញ្ជាក់ច្បាស់ៗថា “ខ្ញុំព្រះករុណា ខ្ញុំស្នើដល់តុលាការ ប្រសិនបើកាត់ទោស គួរតែកាត់ទោសដល់អតិបរមា ហើយសូមឲ្យក្រសួង យុត្តិធម៌ និងពន្ធនាគារ សុំកុំដាក់មនុស្សទាំងនេះ ទៅក្នុងបញ្ចី ដែលមិនត្រូវបានទទួលការបន្ធូបន្ថយទោស ឬលើកលែងទោស គឺឲ្យជាប់គុករហូត ដល់ផុតកំណត់ ។ ព្រោះនេះជាការសន្សំរឿង ជាការប្រមាថដ៏ធ្ងន់ធ្ងរ សូម្បីតែម្សិលមិញ ដែលខ្ញុំព្រះករុណា ខ្ញុំបង្ហោះ ឈ្មោះ ហៃ វណ្ណៈ នៅឯជប៉ុន បានចូលមកនិយាយពីរឿងកាត់ដី ៤ខេត្តឲ្យគេ បានខ្ញុំព្រះករុណាខ្ញុំខ្ចិលតមាត់ Block ក្រវាត់ចោលទៅ ប៉ុន្តែអ្នកឯងមិនត្រូវភ័នច្រឡំទេណា អ្នកឯងក៏មាន ក្រុមគ្រួសារនៅស្រុកខ្មែរដែរ សូមអ្នកឯងត្រូវចងចាំ ហើយអ្នកនៅស្រុកខ្មែរ សូមកុំព្រហើន ក្រោយស្តាប់សារនេះហើយ សូមបញ្ឈប់ទៅ”៕

To Top