ព័ត៌មានជាតិ

លោក យង់ ពៅ ៖ ការដកខ្លួនរបស់លោក ចូ បៃឌិន ពីបេក្ខភាពប្រធានាធិបតី ដោយសារប្រជាប្រិយភាពធ្លាក់ចុះ ចាស់ជរា និងភ្លេចច្រើន

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជា បានធ្វើការវិភាគចំពោះ លោក ចូ បៃឌិនដែលបានដកខ្លួនចេញពីបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក ហើយជំនួសមកវិញ ដោយលោកស្រីជាអនុប្រធានាធិបតីថា ការដកខ្លួននេះ ធ្វើឡើងដោយបន្ទាន់តាមរយៈការធ្លាក់ប្រជាប្រិយភាព ចាស់ជរា ភ្លេចភ្លាំងច្រើន និងមិនអាចទប់ទល់ជាមួយ លោក ដូណាល់ ត្រាំបាន ។

លោក ចូ បៃឌិនបាន​ប្រកាសដកខ្លួនចេញពីបេក្ខជនប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ទី២០ កក្កដា សម្រាប់ការបោះឆ្នោតខាងមុខនេះ ដោយបានគាំទ្រលោកស្រី Harris ដែលជាអនុប្រធានាធិបតីរបស់គាត់ សម្រាប់ជាបេក្ខភាពប្រធានាធិបតីវិញម្តង។ គណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគច្រើនបានធ្វើតាម ប៉ុន្តែទោះបីជាយ៉ាងណាលោកស្រីមិនទាន់ត្រូវបានតែងតាំង ជាផ្លូវការដោយគណបក្សនៅឡើយទេ ។

លោក យង់ ពៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៣ កក្កដា ថា ការដកខ្លួនចេញពីបេក្ខជនប្រធានាធិបតិអាមេរិកសម្រាប់អាណត្តិទី២របស់ លោក ចូ បៃឌិន ដោយសារស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសរបស់លោកតម្រូវ ទើបលោកបង្ខំចិត្តសម្រេចដកខ្លួនចេញដោយខ្លួនឯងតែម្តង ដោយទុកឲ្យគណបក្សប្រជាធិបតេយ្យជាអ្នកសម្រេចចិត្តជ្រើសរើសបេក្ខជនថ្មីជំនួសលោក ។

សម្រាប់ការដកខ្លួនចេញនេះ ត្រូវបានលោក យង់ ពៅ មើលឃើញមូលហេតុច្រើនយ៉ាងថា “ការដកខ្លួនរបស់លោក ចូ បៃឌិនគឺដកដោយសារស្ថានការណ៍បន្ទាន់ ដោយមិនបានត្រៀមខ្លួនរួចជាស្រេចទេ មិនបានរៀបចំខ្លួន មិនបានរៀបចំភាពបន្តវេន ដោយសារតែស្ថានការណ៍ប្រជាប្រិយភាពរបស់គាត់ត្រូវបានធ្លាក់ចុះ ដោយសារតែភាពចាស់ជរារបស់គាត់ទប់ទល់នឹងលោក ដូ ណាល់ត្រាំ មិនបាន ភ្លេចភ្លាំងច្រើនអីជាដើម ។ ក្នុងនោះបញ្ហាកើតឡើងនូវអសន្តិសុខ ហិង្សានយោបាយកើតឡើងនៅពេលឃោសនាបោះឆ្នោតដែលធ្វើឲ្យមានឃាតកម្មប៉ុនប៉ងសម្លាប់លោកត្រាំតែមិនបានសម្រេច ។ ដូច្នេះនេះ ជាចំណុចមួយដែលស្ថានការណ៍តម្រូវឲ្យគាត់ដកខ្លួនចេញពីបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក” ។

ចំពោះការដកខ្លួនចេញពីបេក្ខភាពប្រធានាធិបតីរបស់លោក ចូ បៃឌិននេះ លោក យង់ ពៅបានអះអាងថា ខុសគ្នាពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានដកខ្លួនចេញពីនាយករដ្ឋមន្រ្តីមិនមែនចេញពីនយោបាយ ដោយបានត្រៀមលក្ខណៈទុកជាមុន ព្រោះមានអ្នកបន្តវេនយ៉ាងត្រឹមត្រូវ សម្រាប់ការគិតគូពីស្ថិរភាពនយោបាយ និងអនាគតកម្ពុជា។ ចំពោះការដកខ្លួនរបស់សម្តេច ក៏ធ្វើឡើងក្នុងពេលគណបក្សប្រជាជនកម្ពុជា កំពុងទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងផងដែរ ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីទី៤៧ នាអំឡុងខែវិច្ឆិកា ចុងឆ្នាំ២០២៤នេះ ដែលគ្រោងការណ៍នៃការប្រកួតប្រជែងបោះឆ្នោតនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ៕

To Top