ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ អ្វីៗដែលរាជរដ្ឋាភិបាលខិតខំធ្វើ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនតែមួយគត់

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា អ្វីៗ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើ គឺដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់។

តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៤ កក្កដា នេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា លោកបានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការកម្ពុជា-ឡាវ-វៀតណាម ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។

ឧបនាយករដ្ឋមន្ត្រីបន្ដថា «ដូចអ្វីដែលយើងទាំងអស់បានទទួលស្តាប់នូវការបកស្រាយ និងពន្យល់អំពីប្រវត្តិដំណាក់កាល និងមូលដ្ឋាននៃការគិតគូរលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៃការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដល់តំបន់ សហគមន៍ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ»

ឧបនាយករដ្ឋមន្ត្រី បន្ថែមថា ការប្រែមុខមាត់ តាមរយៈការអភិវឌ្ឍ និងគម្រោងវិនិយោគនានាដែលបានលេចជារូបរាងជាបន្តបន្ទាប់ គឺជាភស្តុតាងដែលមិនអាចប្រកែកបានអំពីផលជាក់ស្តែងដែលប្រជាពលរដ្ឋទាំងក្នុងបណ្តាខេត្តក្នុងតំបន់សហប្រតិបត្តិការ និងប្រជាពលរដ្ឋទូទៅបាននិងកំពុងទទួលបាន។ ការប៉ុនប៉ង បំភ្លៃ បំភ័ន្ត ក្នុងចេតនាបង្ខូចកិត្តិយស និងការពិតនៃកិច្ចការរបស់រាជរដ្ឋាភិបាល គឺជាទង្វើដ៏គួរ្យស្អប់ខ្ពើម ដែលសង្គមមិនគួរអត់ឱនឲ្យ ហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះអំពើញុះញង់របស់ខ្លួន។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានអំពាវនាវឲ្យជនរួមជាតិទាំងអស់ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។ លោកថា «យើងទាំងអស់គ្នាតោងដឹងថា គ្មាននរណាស្រលាញ់កម្ពុជា ជាងអ្នកដែលបានរួមសុខរួមទុក្ខជាមួយគ្នាចាប់តាំងពីគ្រាដ៏លំបាកបំផុត និងបានកសាងអ្វីៗទាំងអស់ចេញពីបាតដៃទទេនោះទេ»៕

To Top