ព័ត៌មានជាតិ

អភិបាល ខេត្តពោធិ៍សាត់ ៖ ក្រុមហ៊ុនស្រាបៀរទាំងអស់ ត្រូវរុះរើស្លាកផ្សព្វផ្សាយស្រាបៀរចេញពីផ្លូវសាធារណៈ និងទីប្រជុំជន

ពោធិ៍សាត់ ៖ ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី២ ឆ្នាំទី១ អាណត្តិទី៤ នៅព្រឹកថ្ងៃ២៣ កក្កដា លោក ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់បានឲ្យមន្ត្រីជំនាញក្រោមឱវាទ ចុះណែនាំ និងផ្សព្វផ្សាយឲ្យក្រុមហ៊ុនស្រាបៀរទាំងអស់ក្នុងខេត្ត ត្រូវរុះរើស្លាកប៉ាណូផ្សព្វផ្វាយស្រាបៀរ របស់ខ្លួនដែលមាននៅតាមផ្លូវសារធារណៈ ទីប្រជុំជននានាត្រូវទម្លាក់ ឲ្យអស់ដោយមិនអនុញ្ញាតបន្តលើក ឬដាក់តាំងបង្ហាញ ទៀតឡើយ ខណៈរដ្ឋបាលខេត្តមួយចំនួន បាននិងកំពុងអនុវត្តជាបន្តបន្ទាប់។

ជាមួយគ្នានោះ លោក ខូយ រីដា ក៏បានក្រើនរំលឹក ដល់អាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់បន្ថែមទៀត ជាពិសេសត្រូវមានវិធានការបានទាន់ ពេលវេលា ចំពោះព័ត៌មានទាំងឡាយណា មានលក្ខណៈបំពុលសង្គម។

ទាក់ទិននិងវិធានការពារធនធានធម្មជាតិ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីជលផល មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចុះល្បាតទប់ស្កាត់ និងបង្រ្កាបឲ្យដូចភ្លៀង រំលឹមក្នុងដែនសមត្ថកិច្ចរៀងៗ ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ក្នុងនោះលោកអភិបាល ខេត្តក៏បានឲ្យអាជ្ញាធរ មូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុក ក្រុង សេវាច្រកចេញចូល តែមួយត្រូវ បង្កើនការ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់ និង បម្រើសេវាជូនប្រជាពលរដ្ឋបានលឿន រហ័ស តម្លាភាព ជៀសវាងការកកស្ទះឯកសារនានា ដែលនាំឲ្យពួកគាត់មានការថ្នាំងថ្នាក់។

គួរជម្រាបជូនថា ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា ខេត្តលើកទី២ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ក៏មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top