ព័ត៌មានជាតិ

អាជ្ញាធរមីន ឲ្យទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនិងក្រោយពេលគ្រោះទឹកជំនន់

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។

ការណែនាំរបស់អាជ្ញាធរមីន បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ប្រព័ន្ធសម្ពាធទាបនៅតែមានឥទ្ធិពល គ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាលនិងខាងកើតឈូងសមុទ្រថៃ កម្ពុជា និងភាគកណ្តាល នៃអាងទន្លេមេគង្គ ហើយបណ្តាលឲ្យខ្យល់មូសុងនិរតី មានឥទ្ធិពលកាន់តែខ្លាំងមកលើកម្ពុជា ធ្វើឲ្យរាជធានី-ខេត្តមួយចំនួនរងឥទ្ធិពលទឹកភ្លៀង និងអាចបង្កជាទឹកជំនន់។

តាមរយៈសេចក្ដីជូនដំណឹងរបស់អាជ្ញាធរមីន ចេញផ្សាយនាថ្ងៃទី២៤ កក្កដា បានឲ្យដឹងថា ក្នុងពេល និងក្រោយពេលទឹកជំនន់ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួន អាចត្រូវបានប្រទះឃើញ ដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែល កំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់។

អាជ្ញាធរមីនបញ្ជាក់ថា «សូមធ្វើការណែនាំដល់ប្រតិបត្តិករបោសសម្អាតមីន និងអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគណៈកម្មាធិការសកម្មភាពមីនរាជធានី ខេត្ត ព្រមទាំងអំពាវនាវដល់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមសហការអនុវត្តនូវវិធានការ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចមកជាមួយទឹកជំនន់ ដោយសារការហូរច្រោះដីរសាត់មកពីតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។

អាជ្ញាធរមីនបន្ដថា ត្រូវណែនាំឲ្យប្រជាពលរដ្ឋរាយការណ៍ មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិករបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅក្បែរនោះជាបន្ទាន់ នៅពេលប្រទះឃើញ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕

To Top