ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ២៥ កក្កដានេះ បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស ក្រោមអធិបតីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ។

មុនអនុម័តជាឯកច្ឆន្ទនូវសេចក្តីព្រាងច្បាប់នេះ សមាជិកទាំងអស់ដែលបានចូលរួមក្នុងសម័យប្រជុំរដ្ឋសភា បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់មួយមាត្រាម្តងៗ យ៉ាងម៉ត់ចត់ ។

សេចក្តីព្រាងច្បាប់នេះ មាន៣មាត្រា ត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើង ស្របតាមអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធ នឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់ នៃប្រទេសកាណាដា ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីច្បាប់ដឹកជញ្ជូន តាមផ្លូវអាកាសពីថ្ងៃទី១០-២៨ ខែឧសភា ឆ្នាំ១៩៩៩ និងបានចូលជាធរមាន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៣ ហើយគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័ន រួចរាល់មានចំនួន១៣៩ប្រទេសហើយ។

ការផ្តល់សច្ចាប័នអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដូចជា បង្ហាញពីសុច្ឆន្ទៈ និងកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជា ជាមួយអង្គការ អាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូន តាមផ្លូវអាកាសអន្តរជាតិ ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើកឱកាសកាន់តែច្រើន សម្រាប់កម្ពុជា ក្នុងការចូលរួមដោយផ្ទាល់ ទៅក្នុងយន្តការ ដឹកនាំរបស់អង្គការអាកាសចរណ៍ ស៊ីវិលអន្តរជាតិ។

ក្នុងនោះ ក៏ធានាជំរុញទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទាំងការតភ្ជាប់វប្បធម៌រវាងប្រជាជន និងប្រជាជន និងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកធ្វើដំណើរ តាមផ្លូវអាកាស និងសហគ្រាសដឹកជញ្ជូនអន្តរជាតិ តាមផ្លូវអាកាសជាដើម ។

ក្រោយពីអនុម័ត សេចក្តីព្រាងច្បាប់ ខាងលើចប់សព្វគ្រប់ សម្តេច ឃួន សុដារី ក៏បានប្រកាសបិទ សម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ផងដែរ។

សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ បានដំណើរការតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ មានរយៈលើស៣ខែ។ តាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា បានចែងអំពីសម័យប្រជុំនីមួយៗ មានថិរវេលាយ៉ាងតិច៣ខែ ។

ក្នុងឱកាសនោះ សម្តេចរដ្ឋសក៏បានបង្ហាញជូនអង្គសភា អំពីលទ្ធផលសំខាន់ៗ ដែលរដ្ឋសភាសម្រេចបាន នៅក្នុងរយៈពេលជាង ៣ខែមកនេះ ជាពិសេសការបំពេញមុខងា រសំខាន់ៗរបស់រដ្ឋសភា ដូចជាការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ ភាពតំណាងពលរដ្ឋ និងការងារការទូតសភាជាដើម ៕
