ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ(AFD) និងសហភាពអឺរ៉ុប(EU) ចុះពិនិត្យវឌ្ឍនភាព អនុគម្រោងអាងទឹកភាស ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកថ្មគោល និងអនុគម្រោងជួសជុល សំណង់តាហែន និងប្រឡាយនាងលាក់ ក្នុងឃុំក្ដុលតាហែន ស្រុកបវេល នៃគម្រោងជួសជុលការខូចខាត ដោយសារទឹកជំនន់ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សូមជម្រាបថា សមាសភាពគណៈប្រតិភូ ដែលអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងនាពេលនេះ មានលោកឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា លោកនាយកទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ ប្រចាំតំបន់អាស៊ាន លោកស្រីនាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា លោកប្រធានកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកអគ្គនាយក នៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជាតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោកអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា គម្រោងជួសជុលការខូចខាត ដោយសារទឹកជំនន់ឆ្នាំ២០២០ មានអនុគម្រោងចំនួន៩ ដែលត្រូវអនុវត្តដូចជា ៖ អនុគម្រោងអាងទឹកភាស អនុគម្រោងប្រព័ន្ធកង្ហត អនុគម្រោងជួសជុលទំនប់សណ្ដកំពីងពួយ អនុគម្រោងជួសជុលសំណង់តាហែននិងប្រឡាយនាងលាក់ និងអនុគម្រោងជួសជុលប្រឡាយមេ (លេខ១ លេខ២ លេខ៣ លេខ៤ លេខ៥)។

ជាមួយគ្នានេះដែរ តំណាងគណៈប្រតិភូ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងប្រតិភូសហភាពអឺរ៉ុប(EU) បានសម្ដែងនូវក្ដីសប្បាយរីករាយ និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពគម្រោង ដែលសម្រេចបាន ព្រមទាំងថ្លែងអំណរគុណ ដល់លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្ដួចផ្តើមឱ្យមានដំណើរទស្សនកិច្ចដ៏មានសារសំខាន់ ក្នុងការចុះពិនិត្យជាក់ស្ដែង ដល់ទីតាំងអនុវត្តគម្រោង និងជួបជាមួយបងប្អូនប្រជាកសិករ នៅតាមសហគមន៍នានា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ស្របតាមទស្សនវិស័យ បង្កើតដោយសហគមន៍ ធ្វើការជាមួយសហគមន៍ និងដើម្បីសហគមន៍។

សូមបញ្ជាក់ថា គម្រោងជួសជុលការខូចខាត ដោយសារទឹកជំនន់ឆ្នាំ២០២០ ជាផ្នែកមួយ នៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្ម នៅកម្ពុជា (WAT4CAM) ជំហានទី១ ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) និងពីសហភាពអឺរ៉ុប(EU) ដែលចាប់អនុវត្តពី ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ ដោយបានជ្រើសរើសខេត្តចំនួន៥ រួមមាន ៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកណ្តាល។ ក្នុងនោះខេត្តបាត់ដំបង មានគម្រោងចំនួនពីរ ដែលត្រូវអនុវត្តគឺ ១)គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត និង ២)គម្រោងជួសជុលការ ខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ៕


















