ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន៖ កម្ពុជាកំពុងរង់ចាំ ទទួលសមិទ្ធផលថ្មី ជាប្រវត្តិសាស្ត្រដ៏ធំមួយ គឺការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា កម្ពុជាកំពុងរង់ចាំទទួលសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មី ដ៏ធំមួយទៀត គឺការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ២កន្លែង នៅខេត្តត្បូងឃ្មុំនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។

ជាមួយនឹងការទន្ទឹមរង់ចាំនេះ លោក ឆាយ ឫទ្ធិសែន បានសំណូមដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ចូលរួមសាទរជាមួយនិងសមិទ្ធិផលដ៏អស្ចារ្យមិនធ្លាប់មានកន្លងមក តាមរយៈការទូងស្គរ វាយប៉ោត ឬចាក់ឧបករណ៍បំពងសំលេងគ្រប់ប្រភេទ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឲ្យមានភាពអធិកអធម។ គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឡើងដើម្បីពង្រីកវិសាលភាព​នៃការ​ប្រើប្រាស់​សក្តានុពល លើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់​សកម្ម​ភាព​សេដ្ឋកិច្ច

-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាន និងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ តាមការ​សិក្សា បានបង្ហាញថាផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។

ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមា​ណ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍
ចំនួន២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះ នឹងសាងសង់សន្ទះ ផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពាន​ចំនួន១១កន្លែង សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ១,៧០០លានដុល្លារអាម៉េរិក និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនរួមមានដូចជា ទី១
ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន ទី២ ការបង្កើតតំបន់ពាណិជ្ជកម្ម
និងមជ្ឈមណ្ឌលភស្តុភារកម្ម ទី៣ ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ទី៤ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្តវារីវប្បកម្ម និងចិញ្ចឹមសត្វ ទី៥ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា និងទី៦ ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

To Top