ភ្នំពេញ ៖ ខ្សែរថភ្លើង Kiha183-182 ដែលទិញមកពីជប៉ុន បានបើកដំណើរ ការសាកល្បងជាថ្មី លើផ្លូវដែកភាគ ខាងជើងភ្នំពេញ-ប៉ោយប៉ែតចំនួន៤ទូ បានត្រឡប់ពីស្ថានីយប៉ោយប៉ែត មកកាន់រាជធានីភ្នំពេញវិញហើយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីសាកល្បងដោយជោគជ័យ ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈ និងដឹកជញ្ជូន បានឲ្យដឹងថា ដំណើរការសាកល្បងនេះ ដើម្បីឲ្យក្រុមការងារ បច្ចេកបន្តត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែ ប្រព័ន្ធជើងក្រោម , ទ្វារចេញ-ចូល , ប្រព័ន្ធម៉ាស៊ីនត្រជាក់ , ច្រកទ្វារសុវត្ថិភាព , សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់ សម្រាប់ដឹកជញ្ជូន អ្នកដំណើរ មុននឹងសម្រេចដាក់ឲ្យដំណើរ ការជាផ្លូវការ នាពេលឆាប់ៗ ដ៏ខ្លីខាងមុខ។
លោកថា ខ្សែរថភ្លើង Kiha183-182នេះ បានរត់ដោយរលូនលើផ្លូវដែក ភាគខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចេញដំណើរពីស្ថានីយភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ។
លោកបន្តថា ដំណើរការ បើកសាកលល្បងរថភ្លើងជប៉ុន លើផ្លូវដែកដ៏វែង ដោយឆ្លងកាត់ខេត្តជាច្រើន នេះក៏ជាផ្នែកមួយ នៃការពិនិត្យមើលឡើងវិញ ស្ថានភាពផ្លូវដែក សម្រាប់អ្នកដំណើរ និងជាសារប្រាប់ ទៅអ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាករយៈពេលវែង ចាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំពោះការដឹកទំនិញបានធ្វើឡើងជាប្រចាំ (៣ជើងក្នុងមួយសប្តាហ៍) ។
គួរបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ នឹងបន្តធ្វើការងារបន្ថែមទៀតជាមួយអាជ្ញាស្រុក-ខេត្ត ដែលមានផ្លូវដែកឆ្លងកាត់លើការងារសុវត្ថិភាព , ការរំលោភបំពានចំណីផ្លូវដែក , ការដាក់តបណ្តាញខ្សែកាប , ខ្សែ Internet ដែលរំខាន និងប៉ះពាល់ដល់ដំណើរ ការខ្សែរថភ្លើងបើកបរ និងឆ្លងកាត់ ៕