ព័ត៌មានជាតិ

កងពលតូច ដឹកជញ្ជូនលេខ៩៩ បើកវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញបើកបររថយន្តធុនធ្ងន់ វគ្គ៩

ភ្នំពេញ ៖ នៅព្រឹកទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ កងពលតូចដឹកជញ្ជូនលេខ៩៩ បានបើកវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញបើកបរ រថយន្តធុនធ្ងន់វគ្គ៩ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក យិន សារ៉ាន់ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។

ក្នុងពិធីបើកនោះដែរ ក៏មានការអញ្ជើញអមដំណើរ ដោយឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង កងពលតូច ដឹកជញ្ជូនលេខ៩៩ ប្រតិភូតាមបណ្តានាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងមានវត្តមានអញ្ជើញ ចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមចំនួន ១២៦នាក់។

វគ្គហ្វឹកហ្វឺនប៉ប៉នជំនាញ បើកបររថយន្តធុនធ្ងន់នេះ ពិតជាមានសារៈសំខាន់ សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ព ក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដដល់បងប្អូនសិក្ខាកាមចំនួន ១២៦នាក់ នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ។

គួរបញ្ជាក់ផងដែរ ឧត្តមសេនីយ៍ឯក យិន សារ៉ាន់ ក៏បានពាំនាំអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ រួមមាន ៖ អង្ករចំនួន២តោន ត្រីខចំនួន២កេស និងថវិកាចំនួន ២,០០០,០០០រៀល (ពីរលានរៀល) ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ៕

To Top