ព័ត៌មានជាតិ

សម្តេចធិបតី ចាត់ទុកថា លោក ង្វៀន ហ៊ូចុង ជាអ្នកធ្វើឲ្យទំនាក់ទំនង កម្ពុជា-វៀតណាម ប្រកបដោយភាតរភាពដ៏ជ្រាលជ្រៅ

ភ្នំពេញ ៖ នាឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ៊ូចុង (Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកថា អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាមរូបនេះ ជាមេដឹកនាំដ៏សំខាន់មួយរូបរបស់វៀតណាម ក៏ដូចជាពង្រីកទំនាក់ទំនងប្រកបដោយភាតរភាពដ៏ជ្រាលជ្រៅ រវាងកម្ពុជា និងវៀតណាម។

នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ កក្កដា សម្តេចធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ៊ូចុង ដែលបានទទួលមរណភាព ដោយជរាពាធក្នុងជន្មាយុ៨០ឆ្នាំ កាលពី១៩ កក្កដា ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញអារម្មណ៍សោកស្តាយអាឡោះ អាល័យ និងចូលរួមកាន់មរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ព្រមទាំងគ្រួសារសព លោក ង្វៀន ហ៊ូចុង ។

នៅក្នុងសាររំលែករមណទុក្ខដ៏ក្រៀមក្រំ សម្តេចធិបតី បានចាត់ទុកថា លោកអគ្គលេខាធិការ ង្វៀន ហ៊ូចុង ជាមេដឹកនាំដ៏សំខាន់មួយរូប ដែលបានលះបង់ពេញមួយជីវិត ក្នុងបុព្វហេតុសុខុមាលភាព និងវិបុលភាពរបស់ប្រជាជនវៀតណាម ក៏ដូចជាការពង្រីកទំនាក់ទំនង ប្រកបដោយភាតរភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងវៀតណាម ។

សូមរំលឹកថា បើតាមជីវប្រវត្តិសង្ខេម លោក Nguyen Phu Trong កើតនៅឆ្នាំ១៩៤៤ ក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយរស់នៅក្នុងឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ ។ លោកគឺជាសាស្ត្រាចារ្យម្នាក់ ដែលទទួលបានសញ្ញាប័ត្របណ្ឌិត ផ្នែកនយោបាយ ។ លោកបានក្លាយជាសមាជិកបក្ស កម្មុយនីស្តវៀតណាម ដោយ បម្រើការឲ្យទស្សនាវដ្ដីរបស់បក្ស គឺ Communist Review ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩៦ ហើយបានក្លាយជាអ្នកនិពន្ធនាយកទស្សនាវដ្តីនេះក្នុងឆ្នាំ១៩៩៧ ។

លោក ង្វៀន ហ៊ូចុង បានក្លាយជាលេខារង នៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហាណូយ នៅខែសីហា ឆ្នាំ១៩៩៦ ដល់ខែកុម្ភៈ ឆ្នាំ១៩៩៨។ ពីខែកុម្ភៈ ឆ្នាំ១៩៩៨ ដល់ខែមករា ឆ្នាំ២០០០ លោក Nguyen Phu Trong ដែលមានជំនឿលើមនោគមន៍វិជ្ជា ម៉ាកឡេនីន (Marxism-Leninism) បានទទួលបន្ទុកលើកិច្ចការមនោគមន៍វិជ្ជា វប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់គណបក្សកុម្មុយនីស្តវៀតណាម ។ ចាប់ពីខែមករា ឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ២០០៦ លោកបានបម្រើការជាលេខា នៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហាណូយ។ នៅចន្លោះពីខែមីនា ឆ្នាំ១៩៩៨ ដល់ខែសីហា ឆ្នាំ២០០៦ លោកបានកាន់តំណែងជាអនុប្រធាន និងជាប្រធានក្រុមប្រឹក្សាទ្រឹស្តី នៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនីស្តវៀតណាម។ លោក Nguyen Phu Trong បានក្លាយជាប្រធានសភាវៀតណាម ពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១១ ហើយនៅចន្លោះពីខែមករា ឆ្នាំ២០១១ ដល់ខែមករា ឆ្នាំ២០១៦ លោកជាអគ្គលេខាធិការនៃគណៈ កម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១១ និងជាលេខានៃគណៈកម្មការយោធាមជ្ឈិម។

ក្រោយមក លោក Nguyen Phu Trong បានធ្វើជាអគ្គលេខាធិការបក្ស នីតិកាលទី១២ និងលេខាគណៈកម្មការយោធាមជ្ឈិម ពីខែមករា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០១៨ ។ លោក Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្ស ប្រធានាធិបតី និងលេខានៃគណៈកម្មការ យោធាមជ្ឈិមនៅចន្លោះពីខែតុលា ឆ្នាំ២០១៨​ ដល់ខែមេសា ឆ្នាំ២០២១។ ចាប់តាំងពីឆ្នាំ២០២១ មកទល់នឹងលោកទទួលមរណភាព លោក Nguyen Phu Trong បានកាន់តំណែង ជាអគ្គលេខាធិការបក្សនីតិកាលទី១៣ និងជាលេខាគណៈកម្មការយោធាមជ្ឈិម ។ លោក Nguyen Phu Trong ក៏ធ្លាប់ជាសមាជិកការិយាល័យនយោបាយទី៨ រហូតដល់ទី១៣ របស់បក្សកម្មុយនីស្តវៀតណាមផងដែរ ៕

To Top