ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ ពិសេសស្តីពីស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា បានអបអរសាទរ ចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ។ នេះបើតាមកិច្ចសន្ទនារវាង លោកឧបនាយករដ្ឋមន្ត្រី និងលោកសាស្ត្រាចារ្យ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃ២៦ កក្កដា ។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកសាស្ត្រាចារ្យ Vitit Muntarbhorn ដែលបានលះបង់ កម្លាំងកាយ និងស្មារតី ដោយបានបំពេញតួនាទីយ៉ាងសកម្ម ព្រមទាំងបានរួមចំណែកដ៏សំខាន់ ដល់កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងអង្គការសហប្រជាជាតិ ។

លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការជាដៃគូដ៏ល្អ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងអង្គការសហប្រជាជាតិ ព្រមទាំងការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ក្រសួងមហាផ្ទៃ លើកិច្ចការនានា ជាពិសេសកិច្ចការសិទ្ធិមនុស្ស។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានថ្លែងអំណរគុណ អង្គការសហប្រជាជាតិ ដែលជួយជ្រោមជ្រែងកម្ពុជា និងបន្តផ្តល់ការគាំទ្រ តាមរយៈការធ្វើការ ជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស ការពង្រឹងសមត្ថភាពជាតិ ជាពិសេស ការជួយគាំទ្រកម្ពុជា ក្នុងការធ្វើមូលដ្ឋាននីយកម្ម គោលដៅសកល នៃការអភិវឌ្ឍ ប្រកបដោយចីរភាព ឲ្យស្របទៅនឹងបរិការណ៍កម្ពុជា ដើម្បីជំរុញការសម្រេចបាន នូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព៕




