ព័ត៌មានជាតិ

ស.ស.ក រកឃើញកញ្ចប់ «ស្វាយចន្ទីកម្ពុជា» ដាក់លក់នៅលើផ្សារទំនើប ក្នុងប្រទេសពីរ ប៉ុន្តែផលិត នៅប្រទេសផ្សេង

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា (សសក) បានរកឃើញថា ផលិតផលគ្រាប់ស្វាយចន្ទី ដែលដាក់លក់នៅតាមផ្សារទំនើប នៅរដ្ឋកាលីហ្វរញ៉ា ស.រ.អា ដោយសំបកកញ្ចប់ដាក់ថា ស្វាយចន្ទីកម្ពុជា ប៉ុន្តែផលិតនៅប្រទេសផ្សេង ។ នៅទីផ្សារអូស្ត្រាលី ក៏អ៊ីចឹងដែរ សំបកកញ្ចប់ផលិតផល ស្វាយចន្ទី ត្រូវបានសរសេរថា គ្រាប់ស្វាយចន្ទីសរីរាង្គ ១០០% របស់កម្ពុជា ផលិតនៅប្រទេសនុះ ។ នេះបើតាមព្រឹត្តិបត្តិព័ត៌មាន របស់សមាគម។

ប្រភពដដែលបន្តថា «នេះជាកម្សាយខាងការកែច្នៃរបស់កម្ពុជា តែទោះយ៉ាងណា គេបានឱ្យតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជាថា ជាគ្រាប់ស្វាយចន្ទី ប្រណីត។ ស.ស.ក រកឃើញថា ផលិតផលស្វាយចន្ទី សរីរាង្គមានដាំដុះនៅខេត្តព្រះវិហារ ដែលទទួលស្គាល់វិញ្ញាបនបត្រ សរីរាង្គអេកូសឺតរបស់ពិភពលោក» ។

បើតាមប្រភពដដែល ផលិតផលទាំងនេះ ត្រូវបានទទួលទិញផ្ដាច់មុខពីក្រុមហ៊ុន ក្នុងស្រុក ដោយទទួលតម្លៃបន្ថែម ២០% ។ ខុសពីផលិតផលស្វាយចន្ទីដទៃ ដែលកម្ពុជា នាំចេញគ្រាប់ឆៅ ទៅលក់ក្រៅប្រទេសស្ទើរ៩០% ។ ពូជស្វាយចន្ទីចំនួន៤ ត្រូវបានចុះបញ្ជីផ្លូវការ ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ មានដូចជា ពូជ អឹម២៣ ហាស់០៩ អឺម១០ និងអ៊ីម០៤ ។ ពូជស្វាយចន្ទី អឹម២៣ ដាំច្រើនជាងគេ រហូតដល់៦០% ។

យ៉ាងនេះក្តីគេមិនទាន់មានឃើញ ចំណាត់ការ ឬការបកស្រាយពីអាជ្ញាធរ មានសមត្ថកិច្ចនៅឡើយទេ ។

ជាផែនការយុទ្ធសាស្ត្រ សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានត្រៀមធនធានមនុស្សជាង១០០នាក់ ដែលមានទាំងបុគ្គលិកជំនាញ និងបុគ្គលិកគ្រឿងយន្ត ដើម្បីត្រៀមស្វាគមន៍ នៅពេលមានការវិនិយោគ។ លើសពីនេះ សមាគមស្វាយចន្ទី ក៏មានគោលការណ៍ កែប្រែកសិករ ទៅជាកសិពាណិជ្ជករ ដើម្បីឱ្យពួកគាត់មានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីពាក់កណ្ដាលសម្រេច ដែលអាចលក់ទៅឱ្យក្រុមហ៊ុនវិនិយោគ ដើម្បីចម្រាញ់ចេញជាប្រេងជីវៈឥន្ធនៈ ។

សមាគម បានបញ្ចុះបញ្ចូល ឱ្យក្រុមហ៊ុនមួយចំនួនទទួល ទិញសំបកពីកសិករទាំងអស់នោះ បច្ចុប្បន្នមានក្រុមហ៊ុនធំៗ ចំនួន៣ហើយ កំពុងទទួល ទិញផលិតផល ពាក់កណ្ដាលសម្រេចពីកសិករ ។ កម្ពុជា មានក្រុមហ៊ុនចម្រាញ់សំបក ស្វាយចន្ទីទៅជាប្រេងមួយកន្លែង ដែលកំពុងដំណើរការសាងសង់។ សំបកស្វាយចន្ទី ៣គីឡូក្រាម អាចផលិតប្រេងបាន១គីឡូក្រាម។

លោក អួន ស៊ីឡូត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ថ្លែងថា «ដើម្បីសម្រេចបានការកាត់បន្ថយ ការនាំចេញឱ្យបាន៧០% គឺយើងត្រូវធ្វើយ៉ាងម៉េច ឱ្យមានរោងចក្រធុនមធ្យមចំនួន ៣៥កន្លែង។ សព្វថ្ងៃនេះ យើងបានត្រៀមធនធានមនុស្ស មួយចំនួនហើយដែលមានទាំងបុគ្គលិកជំនាញ និងបុគ្គលិក គ្រឿងយន្ត ។ គោលដៅមួយទៀត គឺយើងចង់ផ្លាស់ប្តូរ កសិករទៅជាកសិពាណិជ្ជករ ដែលមានលទ្ធភាព បកសំបកសា្វយចន្ទី លក់គ្រាប់ឱ្យក្រុមហ៊ុន ហើយយើងក៏កំពុងបញ្ចុះបញ្ចូល ឱ្យក្រុមហ៊ុនមួយចំនួន ទិញសំបកពីកសិករ ដើម្បីចម្រាញ់ ចេញជាប្រេងវិញផងដែរ» ៕

To Top