ព័ត៌មានជាតិ

កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន បិទបញ្ចប់វគ្គហ្វឹកហ្វឺនរួមគ្នា

ភ្នំពេញ៖ កងទ័ពជើងគោកកម្ពុជា និងកងទ័ពជេីងគោកហ្វីលីពីន បានបិទបញ្ចប់ វគ្គហ្វឹកហ្វឺនរួមគ្នា លេីជំនាញ ស្រាវជ្រាវដាន និងជំនាញ ប្រយុទ្ធក្នុងទីប្រជុំជន និងប្រឆាំងភេរវកម្ម លើកទី១ ឆ្នាំ២០២៤ ដោយមានការសម្តែង បញ្ចប់វគ្គរួមគ្នា ហៅថាប្រតិបត្តិការគោព្រៃ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ កងពលតូចលេខ៧០។

ពិធីបិទវគ្គហ្វឹកហ្វឺនរួមគ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក ឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ព្រមទាំងវត្តមានរបស់ស្រី FLERIDA ANN CAMILLE P.MAYO ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានថ្លែងថា វគ្គហ្វឹកហ្វឺនរួមគ្នានេះ នឹងជួយជំរុញឲ្យទំនាក់ទំនងរវាងហ្វីលីពីន-កម្ពុជា កាន់តែរឹងមាំស៊ីជម្រៅបន្ថែមទៀត ជាពិសេសវិស័យការពារជាតិ នៃប្រទេសទាំងពីរ ។
លោក បានចាត់ទុកថាវគ្គហ្វឹកហ្វឺនរួមគ្នា ជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការសម្តែងបញ្ចប់វគ្គរួមគ្នា ប្រតិបត្តិការគោព្រៃ គឺជាសមិទ្ធផលថ្មី នៃការពង្រឹងពង្រីកចំណងសាមគ្គីមិត្តភាពកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា កងយោធពលខេមរភូមិន្ទ មានមោទនភាពជាទីបំផុត ដែលបានរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នា ជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការសម្តែងបញ្ចប់វគ្គរួមគ្នា ប្រតិបត្តិការគោព្រៃ លើកទី១ ឆ្នាំ២០២៤ នៅពេលនេះ ដែលបានធ្វើឲ្យកងទ័ពជើងគោកប្រទេសទាំងពីរ ទទួលបានការផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា កាន់តែជិតស្និទ្ធថែមទៀត រួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចិរភាពក្នុងតំបន់ និងសកលលោក។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានសម្ដែង ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ រវាងកងទ័ពទាំងពីរ ហើយប្រតិបត្តិការគោព្រៃ រវាងកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន មិនត្រឹមតែបានបង្ហាញ អំពីកិច្ចការទូតយោធានោះទេ ប៉ុន្តែក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នា ចំពោះការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃប្រទេសជាតិទាំងពីរ កម្ពុជា-ហ្វីលីពីន៕

To Top