ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងបំណង ប្រាថ្នារបស់មាតុភូមិកម្ពុជា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់អាជ្ញាធរនៅថ្នាក់ក្រោមជាតិ បន្តជំរុញការចូលរួមអនុវត្ត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាព ការគ្រប់គ្រងវិស័យបរិស្ថាន និងធនធានធម្មជាតិ នៅថ្នាក់ក្រោមជាតិ នារសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន លោករដ្ឋមន្ដ្រី អ៊ាង សុផល្លែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរគ្រប់ថ្នាក់ នៅតាមរាជធានី ខេត្តទាំងអស់ បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តការងារ គ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន នាពេលកន្លងមក។

លោករដ្ឋមន្រ្តី មានប្រសាសន៍ថា «ក្រសួងបរិស្ថានស្នើសុំ ឱ្យអាជ្ញធរនៅថ្នាក់ក្រោមជាតិ បន្តជំរុញការចូលរួមអនុវត្ត យុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថាន ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និង សុក្រឹតកម្មបរិស្ថានកិច្ច ដោយជំរុញសម្រេច គោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលគឺ ជាប្រទេសអព្យាក្រឹត កាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០ ។ ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព»។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ការអនុវត្តនូវភាពស្អាត ភាពបៃតង តាមរយៈការថែរក្សានូវភាពស្អាតក្នុងខ្យល់ លើដី និងក្នុងទឹក ជាពិសេសគឺភាពស្អាតដែលកើតចេញពីចិត្ត របស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាសហគម-ន៍មូលដ្ឋាន ហើយភាពស្អាតនេះនឹងចែករំលែក ទៅដល់បរិស្ថានជុំវិញ ។ លើសពីនេះ ដើម្បីធ្វើឱ្យកម្ពុជាស្អាត លោករដ្ឋមន្រ្តី បានស្នើសុំដល់អ្នកពាក់ព័ន្ធទាំងអស់ មេចូលរួមក្នុងយុទ្ធនាការ ដែលរៀបចំឡើងដោយក្រសួងបរិស្ថា នដើម្បីភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យ មានចីរភាពតាមរយៈការបណ្តុះពន្លក នៃភាពស្អាត ពន្លកបៃតងបន្ថែមទៀត ដើម្បីប្រទេសកម្ពុជា យើងទទួលបាននូវភាពស្អាត ភាពបៃតង រយៈពេលវែង ស័ក្ដិសមជាអរិយប្រទេស ដែលធ្លាប់មានកិត្តិស័ព្ទ ឱ្យល្បីរន្ទឺ ទៅពិភពលោកយើងនេះជាថ្មី។

សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ចែកកូនឈើជូនប្រជាពលរដ្ឋ ដាំដោយឥតគិតថ្លៃ ចំនួនយ៉ាងតិច១លានដើមក្នុង១ឆ្នាំ ក្នុងគោលបំណងបណ្តុះផ្នត់គំនិត «ពន្លកបៃតង» ដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យស្រលាញ់ដើមឈើ ការយល់ដឹងអំពីអត្ថប្រយោជន៍ នៃព្រៃឈើ រុក្ខជាតិ និងការចូលរួមដាំដើមឈើ និងការពារនិងអភិរក្ស ធនធានធម្មជាតិនៅកម្ពុជា ។

កន្លងទៅថ្មីៗនេះ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» បានរៀបចំឡើងដោយជោគជ័យ ក្នុងការចែលជូនកូនឈើចម្រុះចំនួន១លាន៣សែនដើម ជូនសាធារណជន យកទៅដាំតាមគេហដ្ឋាន សាលារៀន វត្តអារាម និងទីសាធារណៈផ្សេងៗ ។ ក្រសួងបរិស្ថានបន្តរៀបចំថ្នាល បណ្តុះកូនឈើខ្នាតតំបន់បន្ថែម និងបន្តលើកទឹកចិត្ត ឱ្យមន្ទីរបរិស្ថាន បន្តបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋនៅឆ្នាំបន្តបន្ទាប់ក្រោយៗទៀត តាមរយៈការលើកទឹកចិត្ត និងគាំទ្រផ្សេងៗ ដើម្បីសម្រេចបានទស្សនវិស័យរបស់រាជរដ្ឋាភិបាល បង្កើនគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០៕
