ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានទទូចដល់គ្រប់អង្គភាព ស្ថាប័ន និងភាគីទាំងអស់ មុននឹងធ្វើសេចក្តីសន្និដ្ឋាន ឬសម្តែងនូវការ យល់ឃើញណាមួយ ពាក់ព័ន្ធនឹងស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជា ត្រូវសិក្សាស្រាវជ្រាវ ឱ្យបានច្បាស់លាស់ និងផ្ទៀងផ្ទាត់ព័ត៌មានជាមុន។ នេះបើយោងតាមសេចក្តីបំភ្លឺ របស់អ្នកនាំពាក្យ គ.ស.ម.ក.។
អ្នកនាំពាក្យ គ.ស.ម.ក. បានធ្វើការកត់សម្គាល់ជាមួយនឹងការសោកស្ដាយជាខ្លាំង ចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវ របស់លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួល បន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ ដោយសារតែការលើកឡើងនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមើលតែមួយជ្រុង ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំ ក្នុងចំណោមសាធារណជនទូទៅ។
អ្នកនាំពាក្យ គ.ស.ម.ក. គូសបញ្ជាក់ថា «សូមស្នើដោយទទូច ដល់គ្រប់អង្គភាព ស្ថាប័ន និងភាគីទាំងអស់មុននឹងធ្វើ សេចក្តីសន្និដ្ឋាន ឬសម្តែងនូវ ការយល់ឃើញ ណាមួយពាក់ព័ន្ធនឹង ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា សូមធ្វើការសិក្សាស្រាវជ្រាវ ឱ្យបានច្បាស់លាស់ និងផ្ទៀតផ្ទាត់ព័ត៌មាន ជាមុនឱ្យបានត្រឹមត្រូវ»។
អ្នកនាំពាក្យ បន្ដថា គោលការណ៍រួម នៃការសន្និដ្ឋានពីស្ថាន ភាពសិទ្ធិមនុស្ស ក្នុងប្រទេសណាមួយត្រូវផ្អែក លើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សេដ្ឋកិច្ច នយោបាយ និងបរិបទជាក់ស្តែងនៃប្រទេស នោះ។
អ្នកនាំពាក្យ បន្ថែមថា ទន្ទឹមនឹងនេះ ត្រូវជៀសវាងធ្វើសេចក្តីសន្និដ្ឋានលើការអនុវត្តច្បាប់ ឬការដាក់ចេញនូវវិធានការផ្សេងៗ របស់អាជ្ញាធរមានសមត្ថកិច្ច ដោយគ្រាន់ផ្អែកតែលើបុគ្គលនោះជានរណា តែមិនបានផ្អែកលើទង្វើជាក់ស្តែង ដែលបុគ្គលនោះបានប្រព្រឹត្ត ៕