ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសជាអ្នកនេសាទម្នាក់ មកសួរនាំ ក្រោយយកទង់ជាតិកម្ពុជា មកជាន់នៅលើទូក

ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ហោះព័ត៌មានថា «បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ» នៅក្នុងទន្លេមុខសាលមហោស្រពខេត្ត។

ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានដូចបាន ចុះផ្សាយ
ខាងលើរួចមក រដ្ឋបាលខេត្ត បាន ចាត់ឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសឈ្មោះ ឃិន ភារម្យ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ជាបុគ្គលដែលបានធ្វើសកម្មភាពជាន់លើទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា មកកាន់អធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីសាកសួរបន្តអនុវត្តតាមនីតិវិធី។

ជាមួយគ្នានោះរដ្ឋបាលខេត្តក្រចេះ ក៏បានថ្លែងអំណរគុណចំពោះសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលតែងយកចិត្តទុកដាក់ ការពារ លើកតម្កើងកិត្យានុភាព និងអត្តសញ្ញាណជាតិ និងសូមទទួលយកនូវរាល់មតិយោបល់ក្នុងការកែលម្អ ដើម្បីស្ថាបនាក្នុងន័យថែរក្សាការពារអត្តសញ្ញាណជាតិ និងការអភិវឌ្ឍរបស់ជាតិយើង៕

To Top