ព័ត៌មានជាតិ

កម្ពុជា ជំរុញឱ្យអាស៊ាន និងប្រទេសដៃគូសន្ទនា ចាប់យកសក្តានុពល នៃឧស្សាហកម្មដ៏ខ្លាំងក្លា ដែលកំពុងលេចឡើង

ភ្នំពេញ ៖ ដើម្បីធានាបាននូវកំណើនយ៉ាងឆាប់រហ័ស និងយូរអង្វែង កម្ពុជា បានជំរុញឱ្យអាស៊ាន និង ប្រទេសដៃគូសន្ទនា ចាប់យកសក្តានុពល នៃឧស្សាហកម្មដ៏ខ្លាំងក្លា ដែលកំពុងលេចឡើង រួមមាន សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ខ្សែសង្វាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ និងទេសចរណ៍ប្រកបដោយចីរភាព ។

នេះបើតាមការបញ្ជាក់ របស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួម សន្និសីទក្រោយកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយប្រទេសដៃគូសន្ទនាអាស៊ាន រួមមាន អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ សហព័ន្ធរុស្ស៊ី និងចក្រភពអង់គ្លេស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងកិច្ចប្រជុំនោះ លោក សុខ ចិន្តាសោភា បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយបញ្ជាក់ថា ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុង និងរវាងតំបន់ នៅតែជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី (FTA) ដែលអាស៊ានមានជាមួយប្រទេសដៃគូនានា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ប្រកបដោយប្រសិទ្ធភាព និងពេញលេញ ដើម្បីពង្រឹង សមាហរណកម្មតំបន់ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជន។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយប្រទេសដៃគូសន្ទនាអាស៊ាន ប្រមុខការទូតខ្មែរ បានមានប្រសាសន៍ សង្កត់ធ្ងន់លើកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល ដែលជាកិច្ចព្រមព្រៀងសេដ្ឋកិច្ច ឌីជីថលតំបន់ដំបូងគេក្នុងពិភពលោក ហើយរំពឹងថានឹងត្រូវអនុម័តនៅឆ្នាំក្រោយ ការបង្កើត បណ្តាញអគ្គិសនីអាស៊ានប្រកបដោយភាពធន់ ចីរភាព និងឆ្លាតវៃ និងការប្រើប្រាស់កាន់តែ ប្រសើរឡើងនៃថាមពលកកើតឡើងវិញ និងកម្រិតកាបូនទាប។

ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះប្រទេសដៃគូ សន្ទនាទាំងអស់ ចំពោះការគាំទ្រ ឥតងាករេ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាស៊ានក្នុងការ ពង្រឹងបន្ថែមទៀត នូវការតភ្ជាប់ក្នុងតំបន់ ។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បាន លើកទឹកចិត្តដៃគូសន្ទនាទាំងអស់ឱ្យបន្តរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះ រួមមាន តាមរយៈការគាំទ្រដល់ការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ២០២៥ និង ផែនការបន្ទាប់។ តំបន់ដែលមានភាពធន់ និងទំនាក់ទំនងគ្នាទៅវិញទៅមកនឹងធានាបានថា អាស៊ាននៅតែជាចលករជំរុញដ៏សំខាន់នៃកំណើនក្នុងតំបន់ និងពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា អាស៊ានត្រូវកសាងប្រព័ន្ធអេកូឡូស៊ី ដើម្បីជួយសម្រេចបាននូវចក្ខុវិស័យទាំងនេះ តាមរយៈការវិនិយោគលើការអភិវឌ្ឍធនធាន មនុស្ស ដើម្បីធានាបានថាប្រជាជនអាស៊ាន ទទួលបានជំនាញនៃសតវត្សរ៍ទី២១ ដែល អនុញ្ញាតឱ្យពួកគេអភិវឌ្ឍន៍បាននាពេលអនាគត ធ្វើឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម មានភាពប្រកួតប្រជែង ផលិតភាព និងមានភាពធន់ និងសម្របសម្រួលការទទួលយក បច្ចេកវិទ្យា និងឧបករណ៍ឌីជីថល ។ លើសពីនេះ លោកក៏បានថ្លែង អំណរគុណដល់ដៃគូសន្ទនាទាំងអស់ សម្រាប់ការបន្តគាំទ្រដល់ការអនុវត្តផែនការការងារនៃ គំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ទី៤ (២០២១-២០២៥) ដែលរួម ចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការពង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។

ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្ត្រីបានលើកទឹក ចិត្តប្រទេសដៃគូសន្ទនាឱ្យរួមចំណែកដល់ AOIP តាមរយៈគម្រោងជាក់ស្តែង និងជាក់លាក់នៅក្នុងវិស័យអាទិភាពទាំងបួននៃ AOIP តាមរយៈយន្តការដឹកនាំដោយអាស៊ាន ដើម្បីផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ៕

To Top