ព័ត៌មានជាតិ

លោកបណ្ឌិត​ កៅ​ ថាច​ អញ្ជើញជួបសំណេះសំណាល​ និងសិក្សាស្វែងយល់ពីសហគមន៍បាភ្នំមានជ័យ​ នៅស្រុកបាភ្នំ​

រូបភាព៖ ARDB Bank

ភ្នំពេញ៖ លោកបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ នៅថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២៤​ បានចុះជួបសំណេះសំណាល​ និងសិក្សាស្វែងយល់អំពីសហគមន៍បាភ្នំមានជ័យ​ ស្ថិតនៅស្រុកបាភ្នំ​ ខេត្តព្រៃវៃង។

សហគមន៍បាភ្នំមានជ័យ​ គឺជាសហគមន៍ផលិតស្រូវពូជធំមួយនៅក្នុងស្រុកបាភ្នំ​ដែលមានសមត្ថភាពផលិតស្រូវពូជ​ (សុទ្ធល្អ)​ បានប្រមាណ​ ៥០០​ តោន​ ក្នុង១ឆ្នាំ​ និងមានផ្ទៃស្រែ​ចំនួន​ ៨៥​ ហិកតា​ និងមានសមាជិកចំនួន​ ២៣៣​ គ្រួសារ។

ក្នុងឆ្នាំ២០២៤នេះ​ សហគមន៍​ មានគ្រោងពង្រីកផ្ទៃដីផលិតស្រូវពូជឲ្យបាន​១៤៥​ ហិកតា​ដែលអាចផលិតពូជបាន​១ដងទៅ៣ដងក្នុង១ឆ្នាំ​ និងមានផែនការផលិតពូជស្រូវសុទ្ធឲ្យបាន​៧៥០​តោន​ សម្រាប់ផ្គត់ផ្គង់ដល់កសិករនៅក្នុងខេត្តព្រៃវែង​ និងខេត្តផ្សេងៗទៀត​ ដូចជា​កំពង់ធំ​ ស្វាយរៀង​ សៀមរាប​ កំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​។ ពូជស្រូវដែលសហគមន៍ផលិតត្រូវបានកសិករទទួលស្គាល់ថាល្អជាងពូជ នាំចូលដែលមិនមានប្រភពច្បាស់លាស់។ ទន្ទឹមនឹងនេះ សហគមន៍ក៏ជួបបញ្ហាប្រឈមមួយចំនួន​ ដូចជា​ ​រុយសបំផ្លាញ​ ការប្រែប្រួល​អាកាសធាតុ​ និងបញ្ហា​កង្វះទុន​។

តាមសំណូមពររបស់ សហគមន៍​ពាក់ព័ន្ធ​នឹងបញ្ហា​កង្វះទុន​ លោកបណ្ឌិតបានណែនាំឲ្យរៀបចំ ឯកសារឲ្យបានច្បាស់លាស់​ ដើម្បីធនាគារ​ ARDB ពិនិត្យលទ្ធភាពក្នុងការផ្តល់ឥណទានបន្ថែម​ ព្រមទាំងស្នើដល់សហគមន៍និងកសិករឲ្យប្រើប្រាស់​ APP របស់​ ARDB ក្នុងការទូទាត់​ និងផ្ទេរប្រាក់​ ដែលងាយស្រួសជាងការប្រើប្រាស់សាច់ប្រាក់សុទ្ធ។

បន្ទាប់មកនៅរសៀលថ្ងៃដដែល លោកបណ្ឌិត​ និងសហការី​ក៏បានបន្តចុះពិនិត្យស្តុកស្រូវអង្កររបស់រោងម៉ាស៊ីនកិនស្រូវឈុនធំ​ និងរោងម៉ាស៊ីនកិនស្រូវឈិតប៊ុនថន​ នៅស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង​ ដែលរោងម៉ាស៊ីនកិនស្រូវទាំង២​នេះ ទទួលបានហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល​ ក្រោមគម្រោងរក្សាស្ថិរភាពថ្លៃ​ រក្សាសន្តិសុខស្បៀង​ និងប្រព័ន្ធពូជសុទ្ធតាមរយៈធនាគារ​ ARDB ។​

ក្នុងឱកាសនោះ លោកបណ្ឌិតបានស្នើដល់ ម្ចាស់រោងម៉ាស៊ីនទាំង២ ធ្វើការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាពតាមតម្លៃសមស្រប​ នៅរដូវប្រមូលផលខាងមុខ ដោយចៀសវាងការបង្អាប់តម្លៃ ៕

To Top