ព័ត៌មានជាតិ

បណ្ឌិត​ កៅ​ ថាច​ បន្តបេសកកម្មចុះសិក្សាស្វែងយល់ ពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គ ទួលត្រពាំងស្រស់បំព្រង​ នៅស្រុកកញ្ចៀច​ ខេត្តព្រៃវែង​

រូបភាព៖ ARDB Bank

ភ្នំពេញ៖ លោកបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ នៅថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២៤​ បានបន្តបេសកកម្មចុះសិក្សាស្វែងយល់ អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គ ទួលត្រពាំងស្រស់បំព្រង​ ស្ថិតនៅឃុំគោគគង់លិច​ ស្រុកកញ្ចៀច​ ខេត្តព្រៃវែង​ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។

សហគមន៍នេះ មានសមាជិក​៨៣​គ្រួសារ​ ប្រកបមុខរបរដាំដុះបន្លែសុវត្ថិភាពសរីរាង្គ​ នៅទីវាល​ និងក្នុងផ្ទះសំណាញ់​ ដោយក្នុង១ថ្ងៃអាចផលិតបន្លែសុវត្ថិភាពបានពី​ ១​ តោនកន្លះ​ ទៅ​១០​តោនទៅតាមរដូវ​ ជាប្រភេទបន្លែស្លឹក​ និងបន្លែផ្លែ (រដូវវស្សាផលិតបានតិចដោយសារភ្លៀង​)។​

ទន្ទឹមនឹងនេះ​ សហគមន៍ក៏​ជួបបញ្ហា​ប្រឈម​ផងដែរដូចជា​ បញ្ហា​ប្រែប្រួល​អាកាសធាតុ​ បញ្ហា​ទីផ្សារមិនមានស្ថិរភាព​ ដោយអាស្រ័យលើឈ្មួញកណ្តាលជាអ្នកកំណត់តម្លៃ​ មួយវិញទៀតក្រុមហ៊ុនដែលបានចុះកិច្ចសន្យាទិញមានការលំបាកក្នុងការទូទាត់ប្រាក់។

ទន្ទឹមនេះ លោកបណ្ឌិតបានចុះជួបកសិករ កំពុងធ្វើដីដាំបន្លែស្ពែចង្កឹះ​ដោយផ្ទាល់​ ហើយតាមការសាកសួរ​ ការដាំស្ពៃនៅខែនេះ​ គឺខូចជាច្រើនដង​ ហើយលោកបណ្ឌិតបានណែនាំ កសិករដាំដំណាំឆ្លាស់វិញ​ ដូចជាបន្លែផ្លែ​ ឬផ្កាខាត់ណាវិញ​ ដែលអាចទទួលបានផលច្រើន។ ក្នុងឱកាសនោះ​ លោកបណ្ឌិត​បានឧបត្ថម្ភថវិកាមួយចំនួន ដល់សហគមន៍ផងដែរ។

បន្ទាប់មក​ លោកបណ្ឌិត​ និងក្រុមការងារបានបន្តចុះពិនិត្យស្តុកស្រូវអង្ករ​ និងសកម្មភាពប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវវិញជាង​ នៅស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ដែលរោងម៉ាស៊ីននេះទទួលបាបហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល​ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។ រោង​ម៉ាស៊ីនប្រមូលទិញស្រូវ ពីកសិករបានប្រមាណ​ ៨០​តោន​ ក្នុងតម្លៃចន្លោះពី​១០១០​ ទៅ​១០៧០​ រៀលក្នុង១គីឡូក្រាម​ ជាប្រភេទស្រូវ​ OM 5451 ៕

To Top