ព័ត៌មានជាតិ

ធនាគារពិភពលោក តែងតាំង លោកស្រី Tania Meyer ជានាយកគ្រប់គ្រងថ្មី សម្រាប់កម្ពុជា

ភ្នំពេញ ៖ ធនាគារពិភពលោក បានសម្រេចតែងតាំងលោកស្រី Tania Meyer (ថាញ៉ា មេយ័រ) ជានាយកគ្រប់គ្រងថ្មី របស់ខ្លួនសម្រាប់ប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក។

ជាជនជាតិបារាំង លោកស្រី Meyer នឹងដឹកនាំកិច្ចការទាំងឡាយរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ។ លោកស្រីជា ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោក ប្រចាំនៅទីក្រុងភ្នំពេញ និងមើលការខុសត្រូវ លើគម្រោងនិងកម្មវិធីអភិវឌ្ឍន៍ទាំងអស់ ដែលមានតម្លៃទឹកបា្រក់ចំនួន ១.៧ ប៊ីលានដុល្លារ។ នៅក្នុងមុខតំណែងនេះ លោកស្រី Meyer នឹងដឹកនាំរៀបចំធ្វើឲ្យចប់សព្វគ្រប់នូវឯកសារ «ក្របខណ្ឌភាពជាដៃគូថ្មីរបស់ក្រុមធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា» សម្រាប់អនុវត្តន៍ពីឆ្នាំ ២០២៤ ដល់ ឆ្នាំ២០២៩។

កម្មវិធីនេះ គ្រោងនឹងចាប់ផ្តើមដំណើរការ នៅប៉ុន្មានខែខាងមុខនេះ ដោយផ្តោតខ្លាំងលើការពង្រឹងធនធានមនុស្ស តាមរយៈលទ្ធភាពទទួល បានការអប់រំកុមារតូច ប្រកបដោយគុណភាព និងសេវាកម្មសុខភាព, លើការបង្កើនភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដើម្បីបង្កើតការងារកាន់តែប្រសើរ និងភាពធន់ឲ្យបានកាន់តែច្រើន ពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ។

លោកស្រី Tania Meyer នាយកគ្រប់គ្រងថ្មីសម្រាប់កម្ពុជា បានថ្លែងថា «ខ្ញុំមានកិត្តិយសណាស់ ដែលបានមកបំពេញតួនាទីថ្មី នៅក្នុងដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍ របស់ប្រទេសកម្ពុជា។ ខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកម្ពុជា ឲ្យឈានទៅសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍របស់ខ្លួន និងក្នុងការលើកកម្ពស់មូលធនមនុស្ស បង្កើតការងារ និងក្នុងសកម្មភាពទាក់ទងអាកាសធាតុ ជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប ជាពិសេសកុមារ ស្រ្តី និងក្រុមជនងាយរងគ្រោះ នៅកម្ពុជា»។

អ្នកស្រី Meyer មានបទពិសោធន៍ការងារជាង ១៥ឆ្នាំ នៅក្នុងស្ថាប័នធនាគារពិភពលោក។ ថ្មីៗនេះលោកស្រីធ្លាប់បានកាន់តំណែងប្រធានគ្រប់គ្រង សម្រាប់ប្រទេសយេមេន និងជាតំណាងប្រចាំប្រទេសហ្ស៊កដានី។

លោកស្រីក៏ធ្លាប់បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងក្នុងស្រុកនានានៅអាស៊ី និងអាហ្វ្រិក រួមមាននៅវៀតណាម និងចិន ផងដែរ។

លោកស្រីបន្តតំណែងនេះពីលោកស្រី Maryam Salim ដែលបានផ្លាស់ទៅធ្វើជានាយិកាប្រចាំប្រទេសអេត្យូពី, ស៊ូដង់, ស៊ូដង់ខាងត្បូង និងអេរីត្រេ ក្រោយពីបានដឹកនាំការងារ ការិយាល័យធនាគារពិភពលោក នៅទីក្រុងភ្នំពេញ អស់រយៈពេល៣ឆ្នាំកន្លងមក៕

To Top