ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំក្រុមការងារ អន្តរក្រសួងប្រជុំពិនិត្យវឌ្ឍនភាព ការងារត្រៀមរៀបចំប្រារព្ធពិធី បើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងកិច្ចប្រជុំនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក-លោកស្រី តំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងមន្ត្រីជំនាញជាច្រើនរូបផ្សេងទៀត។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូប បានប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្រ្តរបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកប ដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា កម្ពុជា ហើយគម្រោងនេះ នឹង ត្រូវអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។

ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ គឺជាការតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ ។ ព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជា ជាអាទិ៍ ការលើកកម្ពស់វិស័យ ដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរនិងប្រទាក់ក្រឡារវាងផ្លូវគោកនិងផ្លូវទឹក ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ បម្រើដល់វិស័យកសិកម្ម វារីវប្បកម្ម ទេសចរណ៍ ព្រមទាំងជួយរំដោះទឹកជំនន់ ក្នុងរដូវវស្សាជាដើម ។ ជារួមគម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដ៏អស្ចារ្យសម្រាប់បម្រើដល់សេដ្ឋកិច្ចជាតិ និងជាសមិទ្ធផល ដ៏គួរឲ្យស្ញប់ស្ញែងសម្រាប់កូនខ្មែរតជំនាន់៕
