ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតាមបណ្តាប្រឡាយដោះទឹក ពង្វាងទឹកតំបន់អាកាស យានដ្ឋានអន្តរជាតិតេជោ និងបណ្ដាព្រែក ក្នុងភូមិសាស្ត្រខេត្តកណ្តាល ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងក្រុមការងារ បានអញ្ជើញចុះពិនិត្យប្រឡាយ៩៤ ប្រឡាយ៩៦ ព្រែកហូរ ព្រែកគង់ និងប្រឡាយដោះទឹកតំបន់ អាកាសយានដ្ឋាន អន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា បើតាមការពិនិត្យ មូលហេតុដែលព្រែកហូរ មានទឹកហូរយឺតគឺដោយសារតែ៖ ទី១)ចាប់ពីព្រែកយាយជា ដែលមានមុខទឹកបែកជាពីរ ហូរបានតែមួយច្រក និងមួយច្រកទៀត នៅរាំងស្ទះកំពង់រង់ចាំការដោះស្រាយគោល នយោបាយ ទី២)នៅចុងប្រឡាយព្រែកហូរ ចាប់ពីប្រឡាយលេខ៣ នៅពុំទាន់បានធ្វើការស្ដារ ដោយសារកំពុងរង់ចាំការដោះស្រាយផលប៉ះពាល់ ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ប្រឡាយភ្ជាប់លេខ៣ ត្រង់ប្រឡាយ៩៦ ស្ថានភាពទឹកហូរបានលឿនគួរសម ចំណែកតំបន់ព្រែកថី ទឹកហូរបានលឿនចេញទៅទន្លេបាសាក់ និងបានស្រកពីកម្រិតកម្ពស់ ៥,០៥ម៉ែត្រ មកត្រឹម ៤,៩៥ម៉ែត្រ។

សូមជម្រាបថា កាលពីឆ្នាំកន្លងទៅ ទឹកហូរ បែកវាលទៅតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងរំដោះបានច្រើន ប៉ុន្តែបច្ចុប្បន្នទឹក ពុំអាចហូរចូលអាកាស យានដ្ឋានថ្មីបានទេ គឺទឹកនៅប្រមូលផ្តុំ តែក្នុងស្ទឹងមិនហូរបែកវាល ហើយក្នុងករណីពុំមានភ្លៀងបន្ថែម នោះទឹកនឹងបន្តស្រកចុះវិញ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកនេះដែរ លោករដ្ឋមន្ត្រី ដោយមានការឯកភាពពីអាជ្ញាធរ ខេត្តកណ្តាលបានបញ្ជាឱ្យកាត់ផ្តាច់ទំនប់ត្រង់ប្រឡាយ៩៤ ដោយមានមុខកាត់ចន្លោះពី១០-២០ម៉ែត្រ និងកាយផ្តាច់បើកមុខទឹកនៅទំនប់៥៤ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ក្បែរអាកាសយានដ្ឋានថ្មី ចំនួន ៣ទីតាំង ដោយ១ទីតាំងកាយយ៉ាងហោចណាស់ ៣០ម៉ែត្រ ដើម្បីជួយរំដោះទឹកជាបណ្តោះអាសន្ន ៕























