ភ្នំពេញ ៖ លោក Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានប្តេជ្ញាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ។
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-29_15-48-23-681x1024.jpg)
ការប្តេជ្ញារបស់លោកអភិបាលខេត្តរបស់កូរ៉េខាងត្បូងខាងលើនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៩ កក្កដា។
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-29_15-48-26-682x1024.jpg)
ក្នុងជំនួបនេះ លោក Lee Cheol-Woo បានអបអរសាទរការដំឡើងកម្រិតទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបញ្ជាក់កាន់តែច្បាស់ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំង២។
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-29_15-48-29-681x1024.jpg)
ក្នុងនោះលោកអភិបាលខេត្ត បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ និង ការសម្របសម្រួលដ៏ល្អប្រសើរ ជាពិសេសសកម្មភាព មនុស្សធម៌ របស់គណៈប្រតិភូខេត្តឃ្យុងសាងប៊ុកដូ នៅកម្ពុជា ក៏ដូចការរៀបចំ “ពិព័រណ៍អង្គរ-ឃ្យុងយុ” នៅខេត្តសៀមរាប កាលពីឆ្នាំ២០០៦ ។
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-29_15-48-32-1024x681.jpg)
លោកអភិបាលខេត្ត បានប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងបានជម្រាបសម្តេចធិបតីថា ខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តធំមួយ របស់សាធារណរដ្ឋកូរ៉េ ដែលមានភាពល្បីល្បាញខាងវប្បធម៌ និងប្រពៃណី ព្រមទាំងសក្កានុពលផ្នែកសេដ្ឋកិច្ច។
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-29_15-48-36-1024x682.jpg)
ជាការឆ្លើយតបសម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសខេត្តឃ្យុងសាងប៊ុកដូ ដែលបានចូលរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ដូចជាការព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតប្រាក់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តឃ្យុងសាងប៊ុកដូ និងខេត្តកំពង់ធំ នាពេលថ្មីៗនេះ។
សម្ដេចធិបតី និងលោកអភិបាលខេត្ត ក៏បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យវិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សុខាភិបាល ព្រមទាំងចែករំលែកនូវបទពិសោធន៍ជោគជ័យ ក្នុងការអនុវត្តនូវគម្រោងភូមិថ្មី (Saemaul Undong) នៅកូរ៉េ។
![](https://dap-news.com/wp-content/uploads/2024/07/photo_2024-07-29_15-48-40-1024x682.jpg)
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយនិងយន្តការ របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសអំណោយផល ដល់ការវិនិយោគនៅកម្ពុជា ព្រមទាំងក៏បានលើកទឹកចិត្តឲ្យលោកអភិបាលខេត្ត បន្តផ្សព្វផ្សាយសក្កានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)