ព័ត៌មានជាតិ

កម្ពុជា នឹងចូលរួមគ្នា អនុវត្តយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ មេគង្គ-ជប៉ុន ឆ្នាំ២០២៤ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងអនុតំបន់មេគង្គ

ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ជប៉ុន លើកទី ១៥ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ នេះបើយោង តាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេស ។

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមេគង្គ និងជប៉ុន បានកត់សម្គាល់ដោយពេញចិត្តថាដោយ ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃខួបលើកទី១៥ នៃការបង្កើតកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូយូរអង្វែង និងវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ និងប្រកបដោយថាមពល នៃកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើគុណតម្លៃការបើកចំហ បរិយាប័ន្ន និងការជឿទុកចិត្ត និងការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

រដ្ឋមន្ត្រីការបរទេសទាំងអស់ បានសម្តែងការពេញចិត្ត ចំពោះការអនុវត្ត នូវយុទ្ធសាស្ត្រទីក្រុង តូក្យូប្រកបដោយជោគជ័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងមកនេះ ។ យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១៨ បានផ្តល់លទ្ធផលជាផ្លែផ្កា ជាក់ស្តែងជាច្រើន ដោយផ្តោតលើសសរស្តម្ភចំនួនបីរួមមាន៖ (១) ការ តភ្ជាប់ (២)សង្គមដែលផ្តោតលើប្រជាជន (៣) ការកសាងតំបន់មេគង្គឱ្យទៅជាតំបន់បៃតង ក៏ដូចជា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងគំនិតផ្តួចផ្តើម មេគង្គ-ជប៉ុន សម្រាប់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្ពោះទៅឆ្នាំ២០៣០។

នៅក្នុងអំឡុងនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងអំណរគុណ ដ៏ស្មោះចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ការគាំទ្រ និងជំនួយហិរញ្ញវត្ថុពុំអាចកាត់ថ្លៃបាន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន សម្រាប់ការអភិវឌ្ឍក្នុងអនុតំបន់មេគង្គ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលសុខ នៅក្នុងអនុតំបន់។

លោកឧបនាយករដ្ឋមន្ត្រី ក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់ជំនួយជាបន្តបន្ទាប់របស់រដ្ឋាភិបាលជប៉ុន សម្រាប់ ការអភិវឌ្ឍគម្រោង នានានៅកម្ពុជា ដូចជាការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យជាតិឆ្ពោះទៅរកការលើក កម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក កំពង់ផែក្រុងព្រះសីហនុ និងការពង្រីកផ្លូវជាតិលេខ៥ ដែលតភ្ជាប់ពី រាជធានីភ្នំពេញទៅកាន់ព្រំដែនថៃ និងតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃអនុតំបន់មេគង្គ ដែលចូលរួមចំណែកយ៉ាងធំធេង ក្នុងការពង្រីកការតភ្ជាប់ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងតំបន់ ក៏ដូចជា ការជំរុញឱ្យមានប្រភពនានា ជាច្រើនសំរាប់ការរីកចម្រើន នៅក្នុងវិស័យវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៅក្នុងតំបន់។

លោក ឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជាចំពោះ យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនឆ្នាំ២០២៤ ដែលផ្តោតសំខាន់លើសសរស្តម្ភចំនួនបីគឺ (១)សង្គមដែលមានភាពធន់ និងការតភ្ជាប់ ក្នុងបរិបទពិភពលោកក្រោយសម័យកូវីដ-១៩ (២)ឌីជីថលូបនីយកម្ម និង (៣)ការឆ្លើយតបយ៉ាងសកម្មចំពោះបញ្ហាសន្តិសុខមិនមែនប្រពៃណី ដែលបង្កើតឱ្យមានការអភិវឌ្ឍន៍ជាក់ស្តែងផ្តោតលើប្រជាជន ឱ្យកាន់តែច្រើន ជាពិសេសការគាំទ្រ លើវិស័យវិនិយោគសាធារណៈ និងឯកជន សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម សុខាភិបាល ធនធាន មនុស្ស ឧស្សាហកម្ម សហគ្រាសធុនតូច និង មធ្យម ការតភ្ជាប់ ហិរញ្ញវត្ថុ បច្ចេកវិទ្យាឌីជីថល ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាអាទិភាពសំខាន់សម្រាប់ភាពធន់ខាងសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន ចីរភាព នៅក្នុងតំបន់។

កិច្ចប្រជុំបាន បញ្ចប់ដោយការអនុម័ត «យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការ មេគង្គ-ជប៉ុនឆ្នាំ ២០២៤» ដែលបានកំណត់ទិសដៅ អនាគត សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ឆ្ពោះទៅ កាន់មាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងអនុតំបន់មេគង្គ៕

To Top