ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដូចគ្នានឹងគោលនយោបាយ របស់សាធារណរដ្ឋកូរ៉េ នៅពេលផ្តើមអភិវឌ្ឍប្រទេសជាតិ។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក លី ឆុល អ៊ូ (Lee Cheol Woo) អភិបាលខេត្ត ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលលោក បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានសម្តែងការអបអរសាទរចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលមានការរីកចម្រើនជាលំដាប់ នាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េគ្រប់ជំនាន់ បានខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរ ឱ្យមានការរីកចម្រើនជាលំដាប់ ឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ត ហើយទំនាក់ទំនងដ៏ល្អនេះ បានបន្តថែរក្សា ពូនជ្រំ ដោយឥស្សរជនបន្តវេនរបស់កម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧ ដែលពោរពេញដោយថាមពល ចំណេះដឹង និងសីលធម៌ខ្ពស់។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ របស់កម្ពុជា បានផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស គឺដូចគ្នាទៅនឹង គោលនយោបាយអាទិភាពរបស់សាធារណរដ្ឋកូរ៉េ ដែលបានផ្តោតលើការអភិវឌ្ឍធនធានមនុស្ស បន្ទាប់ពីបានងើបចេញពីសង្រ្គាម ហើយបានធ្វើឱ្យប្រទេសនេះសម្រេចបាននូវការអភិវឌ្ឍដូចសព្វថ្ងៃនេះ»។

លោក លី ឆុល អ៊ូ បានលើកឡើងថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ មានប្រវត្តិសាស្រ្ត វប្បធម៌ និងបេតិកភណ្ឌបុរាណប្រហាក់ប្រហែលគ្នា ដែលអាចឱ្យប្រទេសទំាងពីរ រួមសហការគ្នាលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងកសិកម្មទំនើប។ លោកប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនរបស់កម្ពុជា និងបានអរគុណកម្ពុជា ដែលបានជួយគំាទ្រសាធារណរដ្ឋកូរ៉េ ពីអតីតកាលនៅពេលដែលសាធារណរដ្ឋកូរ៉េ ឆ្លងកាត់សង្រ្គាម ដែលកាលនោះកម្ពុជាជាប្រទេសអភិវឌ្ឍន៍មួយ៕
