នៅរដូវវស្សាកម្ពុជាងាយប្រឈមមុខនឹងទឹកជំនន់ ដែលជាហេតុបណ្ដាលឱ្យ ប្រជាពលរដ្ឋអាចប្រឈមមុខខ្ពស់ នឹងជំងឺឆ្លងជាច្រើនដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន រាករូសជាដើម។ ទាក់ទងករណីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលពន្យល់ថា ការទទួលទានទឹកមានសុវត្ថិភាព (ទឹកឆ្អិន) និងអនាម័យត្រឹមត្រូវ ជាមធ្យោបាយដ៏ល្អដើម្បីការពារ ការប្រឈមមុខនឹងជំងឺឆ្លងផ្សេងៗ។
តើមានជំងឺឆ្លងអ្វីដែលលោកអ្នកអាចប្រឈមមុខ ពេលមានទឹកជំនន់ក្នុងរដូវវស្សា?
ទឹកជំនន់អាចបណ្ដាលឱ្យ អ្នកប្រឈមមុខនឹងជំងឺឆ្លងមួយចំនួនដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន រាករូស អាសន្នរោគ ផ្ដាសាយ ផ្ដាសាយធំ និងជំងឺឆ្លងដទៃផ្សេងទៀត ដែលទាមទារឱ្យលោកអ្នកត្រូវមានវិធានការការពារ និងត្រូវមានអនាម័យគ្រប់ពេលវេលា។
តើមានមូលហេតុអ្វីខ្លះដែលអាចបណ្ដាលឱ្យ ប្រឈមនឹងជំងឺឆ្លងទាំងអស់នេះ?
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា នៅពេលមានទឹកជំនន់ម្តងៗ ប្រជាពលរដ្ឋងាយប្រឈមនឹងការឆ្លងនៃជំងឺគ្រុនចាញ់។ ជំងឺគ្រុនចាញ់ដែលអាចឆ្លង តាមរយៈមូសដែកគោលញីខាំ។ មូសដែកគោលញី ដែលតែងខាំពេលល្ងាច ជាពិសេសក្នុងរដូវវស្សា និងពេលលោកអ្នកធ្វើដំណើរក្នុងព្រៃ។ លោកអ្នកត្រូវពាក់អាវក្រាស់និងជិតល្អ ត្រូវគេងក្នុងមុងជ្រលក់ថ្នាំ និងមិនត្រូវព្យាបាលជំងឺគ្រុនចាញ់ដោយខ្លួនឯងជាដាច់ខាត។ ជាប្រការប្រសើរ លោកអ្នកនាងប្រញាប់ទៅជួបគ្រូពេទ្យ ដែលនៅជិតលោកអ្នកបំផុត ឬអ្នកស្ម័គ្រចិត្តភូមិ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវតាមក្បួនពេទ្យ។ «កុំសាកល្បងព្យាបាលដោយខ្លួនឯង និងជាមួយអ្នកចាក់ថ្នាំ ព្រោះគាត់មិនជំនាញច្បាស់លាស់»។
គ្រុនឈាមជាជំងឺឆ្លង ដែលឆ្លងតាមរយៈមូសខ្លាញីខាំ អ្នកមានផ្ទុកមេរោគគ្រុនឈាម បន្ទាប់មកខាំលោកអ្នក ដែលគ្មានផ្ទុកមេរោគគ្រុនឈាម។ មូសខ្លាញីច្រើនខាំពេលថ្ងៃ យប់ កន្លែងងងឹត និងកន្លែងព្រៃស៊ុបទ្រុប។ មូសខ្លាញីកើតចេញដង្កូវទឹក។ ដង្កូវទឹកដែលភាគច្រើនកើតចេញពីទឹកដក់នៅក្នុងកង់ឡាន កំប៉ុងទឹកដោះគោ ទឹកពាងដែលមិនបានលាងសម្អាតទៀងទាត់ ជាដើម។
ប្រធានកម្មវិធីជាតិប្រយុទ្ធនឹង ជំងឺគ្រុនឈាមប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត លាង ឫទ្ធា មានប្រសាសន៍ថា នៅពេលពលរដ្ឋសង្ស័យថាមានជំងឺគ្រុនឈាម ពួកគាត់បានទៅរកសេវាព្យាបាល ជំងឺគ្រុនឈាមនៅមណ្ឌលសុខភាពតាមស្រុកនីមួយៗ ដែលជាដំណោះស្រាយសម្រាប់ ក្រសួងសុខាភិបាលអាចសរុបទិន្នន័យងាយស្រួល និងម្យ៉ាងដោយសារកម្ពុជា កំពុងប្រឈមនឹងជំនន់ទឹកភ្លៀង «ទឹកពាងដែលមិនប្រើប្រាស់ត្រូវលាងផ្កាប់ ទឹកពាងដែលប្រើប្រាស់ជាប្រចាំត្រូវគ្រប ថូផ្កាឧស្សាហ៍ដូរឱ្យបានញឹកញាប់ ក្មេងៗ ប្អូនៗ កូនតូចៗ ត្រូវពាក់អាវដៃវែងគ្រប់ពេល ហើយក្មេងៗមិនត្រូវលេងក្នុងទីងងឹតទេ ព្រោះអាចប្រឈមនឹងមូសខ្លាញីខាំ។ កំប៉ុងស្រាបៀ ទឹកថ្លុក កង់ឡាន ត្រូវលុបចោលកុំឱ្យមានដង្កូវទឹក ដែលជាហេតុបណ្ដាលឱ្យមានមូសខ្លាញី ហើយខាំយើងបាន»។
កុមារីម្នាក់ដែលធ្លាប់កើតជំងឺគ្រុនឈាមនិយាយថា រូបគេធ្លាប់កើតជំងឺនេះកាលពីអាយុ ១០ឆ្នាំ ដោយចូលចិត្តដើរលេងច្រើន និងមិនគេងក្នុងមុង «ក្តៅខ្លួន ហត់ ចង់តែដេក ហើយពេលយើងក្ដៅខ្លួនខ្លាំងចង់តែបិទភ្នែក»។
ប្រធាននាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ពន្យល់ថា នៅរដូវវស្សា និងមានទឹកជំនន់ លោកអ្នកនាងអាចប្រឈមមុខនឹងជំងឺរលាកពោះវៀន ឬគ្រុនពោះវៀន។ ជំងឺគ្រុនពោះវៀនអាចឆ្លងតាមរយៈចំណីអាហារមិនស្អាត ចំណីអាហារឆៅ ទឹកមិនស្អាត ទឹកដោះគោឆៅ ប៊័រ ទឹកកកដែលធ្វើពីទឹកមិនស្អាត ឬវត្ថុធាតុដើមមិនមានអនាម័យល្អ។ ជំងឺគ្រុនពោះវៀនអាចឆ្លងតាមរយៈលៀសហាល គ្រំ ងាវ ខ្យងខ្ចៅ ក្តាម ជាដើម។ ជំងឺនេះក៏អាចឆ្លងតាមរយៈស៊ុតទា ស៊ុតមាន់ ដែលចៀន ស្ងោរ អាំង មិនឆ្អិនល្អ ឬនៅជ័រព្នៅ។ ជំងឺនេះអាចឆ្លងដែរតាមរយៈលាមកមនុស្ស សត្វ ដែលបន្ទោបង់ចោលនៅក្នុងទឹក ឬលើដី ហើយពេលមានទឹកភ្លៀងបណ្ដាលឱ្យមេរោគបាក់តេរីក្នុងទឹកបឹង អូរ ស្ទឹង ត្រពាំង ឬអាចក្នុងអណ្ដូង ដែលទឹកលិចដោយទឹកជំនន់។ ការទទួលទានទឹកមិនមានសុវត្ថិភាព និងមិនមានអនាម័យល្អ សុទ្ធតែអាចប្រឈមមុខនឹងការឆ្លងនៃជំងឺគ្រុនពោះវៀន «ទឹកថ្លាម៉េចក៏ដោយ តែមេរោគយើងមិនអាចមើលឃើញ ដោយភ្នែកទទេបានទេ។ ត្រូវដាំទឹកឱ្យពុះយ៉ាងតិច ៥នាទី»។
ឯកសារផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុ សម្រាប់វិស័យធនធានទឹកនៃក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា កាលណាល្បឿនទឹកហូរយឺត នោះវាបង្កឱ្យមានកម្រិតបាក់តេរី និងសមាសធាតុគីមីខ្ពស់នៅក្នុងទឹក បើទោះជាកករបានរងចុះទៅបាតដីក៏ដោយ ប៉ុន្តែគុណភាពទឹកកាន់តែអាក្រក់ឡើងៗ ព្រោះថាសារធាតុពុលកាន់តែ បំប្លែងខ្លួនតូចទៅៗនៅក្នុងទឹក។
លោកវេជ្ជបណ្ឌិត លាន សុភ័ក្រ ឯកទេសថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត បញ្ចប់ការសិក្សាពីប្រទេសបារាំង និងបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត ពន្យល់ថា ទឹកជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់ សុខភាពមនុស្សឱ្យមានភាពល្អប្រសើរ ប៉ុន្តែទឹកក៏ជាប្រភពនៃមេរោគដែរ បើសិនទឹកនោះមិនស្អាត និងគ្មានសុវត្ថិភាព។ លោកវេជ្ជបណ្ឌិតពន្យល់ថា នៅពេលទឹកឡើង វានឹងមានសំរាម កម្ទេចកម្ទី បាក់តេរីជាច្រើន ហើយបើទឹកនោះមានលាមកសត្វ និងមនុស្សទៀត វាគឺជាប្រភពនៃប៉ារ៉ាស៊ីត និងមេរោគឆ្លងផ្សេងៗ «ទឹកមានមេរោគ មេរោគវាចូលទៅក្នុងខ្លួនយើង ចូលទៅក្នុងឈាមយើង ហើយចូលទៅផ្លូវរំលាយអាហារយើង វាបង្កឱ្យមានជំងឺរាករូស ទី១។ ទី២ ធម្មតាលាមកមនុស្សយើង និងសំរាម វាមានផ្ទុកទៅដោយមេរោគ និងប៉ារ៉ាស៊ីត និងសត្វល្អិត ហើយសត្វល្អិតហ្នឹងវាបង្កបញ្ហាច្រើនដល់សុខភាព។ យើងមានមេរោគក្រពះនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ប្រមាណ ៦០% ទៅ ៧០% ជាពិសេសនៅប្រទេសកម្ពុជា ហើយមេរោគក្រពះវាឆ្លងតាមរយៈមិនស្អាតហ្នឹងឯង»។
ព័ត៌មានស្ដីពីសុខភាពសាធារណៈ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល បញ្ជាក់ថា ការទទួលទានទឹកមិនស្អាត គឺអាចបណ្ដាលឱ្យមានជំងឺរាករូស រាកមួរ អាសន្នរោគ ជាដើម។ ការណ៍ដែលត្រូវទឹកភ្លៀង ឬសើមសម្លៀកបំពាក់ខ្លួនប្រាណជាប់ជាប្រចាំ អាចបណ្ដាលឱ្យកើតជំងឺសើស្បែកមួយចំនួនដែរ ដូចជា កន្ទាលត្រអាក កមរមាស់ និងជំងឺស្រែង ជាដើម។
ប្រធានគ្លីនិកសើស្បែកភ្នំពេញ និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកវេជ្ជបណ្ឌិត ថៃ គា ពន្យល់ថា ទឹកកខ្វក់ដែលជន់គឺអាចមានផ្ទុកមេរោគបាក់តេរីនិងផ្សិត ជាដើម។ មេរោគបាក់តេរី ប៉ារ៉ាស៊ីត និងផ្សិតទាំងនោះបង្កឱ្យលោកអ្នកប្រឈមមុខនឹងជំងឺសើស្បែក។ ទន្ទឹមនឹងនេះ ទឹកជំនន់នារដូវវស្សាក៏អាចជាហេតុផលបណ្ដាលឱ្យ អ្នកនាងប្រឈមមុខជំងឺភ្នែកក្រហម។ ជំងឺភ្នែកក្រហម បណ្ដាលមកពីការយកទឹកមិនស្អាតទៅលុបមុខ និងឆ្លងមេរោគនៃផ្សេងៗចូលទៅក្នុងភ្នែក។ នេះបើតាមការបញ្ជាក់ពីអនុប្រធានមន្ទីរពេទ្យអង្គឌួង លោក គង់ ពិសិទ្ធ។
ទន្ទឹមនឹងដែរ ប្រធាននាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លងនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អះអាងថា ក្នុងរដូវវស្សា និងមានទឹកជំនន់ អាចជាហេតុផលមួយបណ្ដាលឱ្យ លោកអ្នកនាងប្រឈមមុខនឹងផ្ដាសាយ ផ្ដាសាយធំ។ ជំងឺផ្ដាសាយធម្មតា គឺកើតឡើងដោយសារការអាល្លែកហ្ស៊ីនឹងធាតុអាកាសត្រជាក់ និងផ្លាស់ប្ដូរទីតាំងនៃការស់នៅ។ ជំងឺផ្ដាសាយធម្មតាអាចជាទៅវិញលឿន និងមិនបង្កបញ្ហាអ្វីធ្ងន់នោះទេ។ រីឯជំងឺផ្ដាសាយធំ គឺមានអាការៈក្តៅខ្លួន ហៀរសំបោរ ឈឺក្បាល និងអស់កម្លាំង។ នៅពេលមានជំងឺផ្ដាសាយធំ អាចទទួលទានថ្នាំពេទ្យបាន ដូចជាថ្នាំប៉ារ៉ាសេធមល(Paracetamol)។ លោកអ្នកនាងអាចទទួលទានទឹកក្តៅ ទឹកតែ ទឹកខ្ញី និងហូបអាហារដែលមានសារជាតិ បំប៉នឱ្យច្រើនតាមចិត្តចង់ ដោយមិនចាំបាច់តមអ្វីទេ «លើកទឹកចិត្តឱ្យហូបអាហារឱ្យបានច្រើន ទាំងត្រី ទាំងសាច់ ទាំងផ្អក ដែលយើងចូលចិត្ត និងបន្លែផ្លែឈើឱ្យបានច្រើន ទឹកភេសជ្ជៈ និងទឹកដូង ជាដើម»។
តើនៅពេលមានជំងឺផ្ដាសាយធំ លោកអ្នកគួរប្រើថ្នាំផ្សះបានដែរឬទេ?
សៀវភៅដែលមានចំណងជើងថា «ទីណាគ្មានវេជ្ជបណ្ឌិត» សរសេរដោយ ដេវីឌ វ័រណឺ ត្រង់ទំព័រទី១៩ បញ្ជាក់ថា ថ្នាំអង់ទីប៊ីយ៉ូទីកមានដូចជា ប៉េនីស៊ីលីន តេត្រាស៊ីគ្លីន គឺជាថ្នាំព្យាបាលជំងឺមួយចំនួន ដែលបណ្ដាលមកពីបាក់តេរី។ ថ្នាំអង់ទីប៊ីយ៉ូទីកមិនអាចប្រើដើម្បីព្យាបាលជំងឺ ដែលបង្កដោយវីរុសបានឡើយជាអាទិ៍ ជំងឺគ្រុនផ្តាសាយ សាឡាទែន កញ្ជ្រឹល និងអុតស្វាយ នោះទេ។ ថ្នាំអង់ទីប៊ីយ៉ូទីកមិនអាចជួយព្យាបាលជំងឺផ្ដាសាយទេ ប៉ុន្តែផ្ទុយទៅវិញអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ថែមទៀតផង។ ជាមធ្យោបាយល្អប្រសើរ ដើម្បីការពារសុខភាពពេលមានទឹកជំនន់ក្នុងរដូវវស្សា លោកអ្នកត្រូវដាំទឹកហូប បើទោះបីទឹកនោះមើលទៅថ្លាស្អាតក៏ដោយ ត្រូវចម្អិនចំណីអាហារ ត្រីសាច់ បន្លែ និងម្ហូបអាហារផ្សេងទៀតឱ្យឆ្អិនបានល្អមុនទទួលទាន «ចំណីអាហារយើងត្រូវតែគ្រប ដើម្បីកុំឱ្យសត្វរុយមកទំ និងឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ»។
លោកអ្នកត្រូវប្រញាប់ទៅ ជួបពិភាក្សាជាមួយនឹងគ្រូពេទ្យ បើសង្ស័យថាក្តៅខ្លួនខ្លាំង ក្អក ឈឺក និងហត់ៗខុសធម្មតា។ សូមកុំបង្អង់ដោយបន់ស្រន់អារុក្ខអារក្ខអ្នកតា ឬព្យាបាលដោយខ្លួនឯងជាដាច់ខាត ព្រោះអាចបង្កឱ្យសភាពជំងឺកាន់តែធ្ងន់ឡើង។ លោកអ្នកមិនត្រូវទទួលទានថ្នាំ ដែលទិញពីឱសថស្ថានដោយខ្លួនឯង ឬគេផ្សំឱ្យនោះទេ ព្រោះវាពិតជាអាចបង្កគ្រោះថ្នាក់ ចំពោះសរីរាង្គដទៃជាក់ជាមិនខាន៕
ដោយ៖ លោក សិរី មុនី