ព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងថា បន្ទាប់ពីមានការប្រកាសដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មកដល់ពេលនេះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៩៧គម្រោង ។
ការថ្លែងរបស់លោក ម៉ាង ស៊ីណេត ធ្វើឡើងនារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលលោកទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោកស្រី ត្យូ ឡេឆេង(Teo Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា។
លោក ម៉ាង ស៊ីណេតបន្តថា ដោយក្នុងនោះ គម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍មាន ៦១គម្រោង គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពមាន ៣គម្រោង និងគម្រោងបានដាក់ពាក្យស្នើសុំ តែពន្យាមាន ៦គម្រោង។

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។

កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន ៤រួមមាន ទី១ កែប្រែមុខមាត់ខេត្តព្រះសីហនុឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ។ ទី២ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែងដែលផ្តល់លទ្ធផលរហ័ស។ ទី៣ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែងដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល និងទី៤ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និងការអភិវឌ្ឍឧស្សាហកម្មក្នុងខេត្តព្រះសីហនុឱ្យមានតម្លៃបន្ថែម និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់។
កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចចំនួន ៣ប្រភេទរួមមាន ទី១ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និង ចាប់ផ្តើមដំណើរការអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៤។ ទី២ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤ និង៣ ការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤។

«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» បានកំណត់ដាក់ចេញនូវវិធានការគន្លឹះមួយចំនួនដែលមានសារៈសំខាន់សម្រាប់ការជំរុញលើកទឹកចិត្តសកម្មភាពនៃការវិនិយោគ និងធុរកិច្ចនៅក្នុងខេត្តរួមមាន ការសម្រួលនីតិវិធីនិងការបំពេញបែបបទពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាតនិងទិដ្ឋាការ, ការផ្តល់ការលើកទឹកចិត្តពន្ធអាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬការអនុគ្រោះផ្សេងៗពាក់ព័ន្ធនឹងការសាងសង់, ការរៀបចំតំបន់អភិវឌ្ឍតាមភូមិ សង្កាត់ និងផ្លូវសំខាន់ៗ, ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពលសម្រាប់តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និងតំបន់ទេសចរណ៍។

សូមជម្រាបជូនថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់សម្រាប់គម្រោងដែលស្នើសុំ និងអនុវត្តនៅខេត្តព្រះសីហនុ ក្នុងឆ្នាំ២០២៤។ ចំពោះគម្រោង ៤ប្រភេទរួមមាន ទី១ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ទី២ គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងដែលអាចដំណើរការបានក្នុងឆ្នាំ២០២៤, ទី៣ ការពង្រីកគម្រោងនិងសកម្មភាពធុរកិច្ច និងទី៤ គម្រោងដែលមានស្រាប់។
ការផ្តល់អត្ថប្រយោជន៍ពិសេសនេះ គឺផ្តល់ជូនដល់ម្ចាស់គម្រោងគ្រប់ជាតិសាសន៍ដែលប្រកបធុរកិច្ច ឬ វិនិយោគស្របច្បាប់, ជារូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលជាសហគ្រាសមីក្រូតូច មធ្យម និងធំ ដោយមិនគិតកម្រៃ៕
