ភ្នំពេញ ៖ ក្រោយចប់ដំណើរពិនិត្យសកម្មភាពជួសជុលផ្លូវ តាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែង អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា “កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ” ។ នេះបើយោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី នារៀលថ្ងៃទី៣០ កក្កដា។
សម្តេចធិបតីបញ្ជាក់ថា ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។

ការចុះពិនិត្យសកម្មភាពជួសជុលផ្លូវ តាមបន្ទាត់ព្រំដែននាថ្ងៃ៣០ កក្កដានេះត្រូវបានសម្តេចអះអាងថា ដោយសារអត់មានកម្មវិធីផ្លូវការ ទើបឆ្លៀតឱកាស ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី៕
