ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៣០ កក្កដា បានធ្វើបទបឋកថាលើកត្តាកំណត់ភាពជាអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការ ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាព ចូលរួមសរុបចំនួន ៤០៩៧នាក់។

ជាកិច្ចចាប់ផ្តើម សាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍យ៉ាងវិជ្ជមាន អំពីការខិតខំ ស្មារតីសាមគ្គីរបស់បុគ្គលិកសុខាភិបាល តាំងពីមណ្ឌលសុខភាព រហូតមន្ទីរពេទ្យបង្អែក ។ សាស្ត្រាចារ្យ បានមានប្រសាសន៍ថា ទោះបីជារួមរីករាយនឹងអ្វីដែលសម្រេចបានដ៏ច្រើនលើសលប់ បម្រើសេវាជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានសុខាភិបាលទូទាំងប្រទេសក្តី ក៏ក្នុងនាមជាអ្នកដឹកនាំកាន់តែត្រូវសួរសំណួរថា «តើនៅមានអ្វី ដែលយើងមិនបានដឹង? តើនៅមានអ្វីដែលយើងត្រូវស្វែងរកឲ្យឃើញ ដែលជាចំណុចខ្វះខាត ត្រូវបំពេញ?»។ ឈរលើមូលដ្ឋាននេះ កាន់តែត្រូវរក និងស្រលាញ់រាប់អានអ្នកដែលចង់ផ្តល់ព័ត៌មានត្រឡប់ (feedbacks) ដ៏ពិតប្របាកដ។ សាស្ត្រាចារ្យរដ្ឋមន្ត្រី រំលឹកបន្ថែមថា «Feedback is a gift»។

សាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកឧទាហរណ៍ ដែលអាចជាចំណុចអវិជ្ជមាននៅតាមមណ្ឌលសុខភាពមួយចំនួន ដើម្បីយកមកពិភាក្សា និងផ្តល់ឱកាស ជូនសិក្ខាកាមដែលជាប្រធានមណ្ឌលសុខភាពតាមបណ្តារាជធានី-ខេត្ត ឡើងមានយោបល់ និងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីអភិវឌ្ឍមណ្ឌលសុខភាពខ្លួន ឲ្យកាន់តែប្រសើរឡើង ប្រកបដោយគុណភាព និងសមធម៌ និងមិនមានភាពខុសប្រក្រតី ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ ។ សាស្រ្តាចារ្យក៏ បានបង្ហាញការគាំទ្រ និង ជំរុញថ្នាក់ដឹកនាំពីថ្នាក់ជាតិ មន្ទីរសុខាភិបាលខេត្ត-ក្រុង ស្រុកប្រតិបត្តិ បន្តពង្រឹងរក្សាការរៀបចំមណ្ឌល សុខភាពឲ្យកាន់តែប្រសើរថែមទៀត ។

បន្ថែមពីលើនេះ សាស្ត្រាចារ្យរដ្ឋមន្ត្រីបានផ្តល់សារគន្លឹះ៥ចំណុច ក្នុងភាពជាអ្នកដឹកនាំ និងរបៀបលើកកម្ពស់ការទំនាក់ទំនងឲ្យមានប្រសិទ្ធភាព និងឥទ្ធិពលទាំង៤ចំណុចផងដែរ សម្រាប់ផ្តល់ភាពអព្យាក្រឹត និងការចង្អុលបង្ហាញ ទិសដៅដ៏ត្រឹមត្រូវ ទៅដល់មន្រ្តីសុខាភិបាលទាំងអស់ ដើម្បីជំរុញការដឹកនាំការងារ ក្នុងវិស័យសុខាភិបាល ឲ្យទទួលបានជោគជ័យ ប្រកបដោយនិរន្តរភាព ៕








