កំពង់ស្ពឺ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីផ្សព្វផ្សាយ ស្ដីពី“ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិកប.ស.ស.ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៣០ កក្កដា ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ជាមន្ត្រីសាធារណៈ ដោយក្នុងនោះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបាន អត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋាន សុខាភិបាលនានា ជាដៃគូ ប.ស.ស.បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន៩ខែ ជាប់គ្នានឹងទទួលបានប្រាក់បំណាច់ លំហែមាតុភាពនៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសព នៅពេលពួកគាត់ទទួលមរណភាព។

លោក ហេង សួរ បន្តថា ចំពោះការដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ១លាន៥សែននាក់ក្នុងរយៈពេល៥ឆ្នាំ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះនិងទទួលបានការបណ្ដុះបណ្ដាល នៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សានិង ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀល ។

លោកថា ដោយឡែកយុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករនិយោជិតក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួនឬចូលបម្រើការងារ នៅតាមសហគ្រាស គ្រឹះស្ថាននានា តាមរយៈការផ្លាស់ប្តូរជំនាញ ការបង្កើនជំនាញ ឬបង្កើនផលិតភាពពេញមួយជីវិត រួមទាំងនិយោជកម្ចាស់សហគ្រាស ដែលមានបំណងបង្កើនប្រសិទ្ធិភាព ផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ ឬចំណេះដឹងផ្នែកសហគ្រិនភាព និងផ្នែកផ្សេងៗ ប្រកបដោយចីរភាព ភាពធន់ និង បរិយាបន្ន ដោយរក្សាបាន នូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងការប្រកួត ប្រជែងទីផ្សារការងារ ។

រដ្ឋមន្ត្រីក្រសួងការងារបន្ថែមថា ក្នុងក្របខណ្ឌ នៃការប្រកាសដាក់ ឲ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានប្រកាសជាផ្លូវការនូវកម្មវិធី របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាការងារអាទិភាពសំខាន់ចំនួន២ ក្នុងចំណោមការងារ អាទិភាពចំនួន៦ នៃកម្មវិធីនយោយបាយ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់ សុខុមាលភាពប្រជាជនបង្កើន ឱកាសទទួលបានការ បណ្តុះបណ្តាលជំនាញ និងជាយុទ្ធសាស្ត្រគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ។

ទន្ទឹមនោះលោក ហេង សួរ ក៏បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានរោងចក្រ សហគ្រាស ប្រមាណជាង៤០០កន្លែង និងមានកម្មករនិយោជិត ជាង១៧ម៉ឺននាក់ ក្នុងនោះនៅមិនទាន់បានគិតដល់ការដ្ឋានផ្សេងៗនោះទេ។ ទន្ទឹមចំនួនរោងចក្រ សហគ្រាសដ៏ច្រើនសន្ធឹកសន្ធាប់ និងអាចកើនឡើង បន្ថែមនៅពេលអនាគតនេះ នឹង អាចផ្តល់ការងារល្អដល់កម្មករជំនាញ ដែលឆ្លងកាត់ការបណ្តុះបណ្តាល នៅតាមបណ្ដាគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈនានារបស់រាជរដ្ឋាភិបាល ៕









