ព័ត៌មានជាតិ

នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅ ជឿន ចក់ មកបំភ្លឺពាក់ព័ន្ធករណីប្រមាថ និងញុះញង់ឲ្យមានការរើសអើង

ភ្នំពេញ ៖ ដោយមានបញ្ជាផ្ទាល់ពីឧត្ដមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង នគរបាលជាតិ ទទួលការងារប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃទី៣០ កក្កដា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ ជឿន ចក់ ហៅជីងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “Choeun Chork” មកបំភ្លឺនៅនាយកដ្ឋាន ពាក់ព័ន្ធករណីប្រមាថ និងញុះញង់ឲ្យមានការរើសអើង ធ្វើឲ្យមហាជន ដែលប្រើប្រាស់បណ្ដាញសង្គម មានការស្អប់ខ្ពើមយល់ច្រលំ មកលើកងកម្លាំងប្រដាប់អាវុធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ចំពោះមុខសមត្ថកិច្ច បុគ្គលជីងចក់ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន នៅពេលផ្សាយផ្ទាល់លើទំព័រហ្វេសបុករបស់ខ្លួន ដោយបាននិយាយ លើសលួសប៉ះពាល់ដល់ស្ថាប័នកងកម្លាំង ជាពិសេសគឺ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបានលុបនូវវិដេអូ ក្រោយការផ្សាយចប់រយៈពេល២ម៉ោងក្រោយ ប៉ុន្ដែមានទំព័រហ្វេសប៊ុកមួយចំនួនបានទាញយក វីដេអូនេះទៅកាត់យកចំណុច ដែលខ្លួនបាននិយាយប្រមាថ ដោយអចេតនាទាំងនោះទៅផ្សាយបន្ដ និងមានការចែករំលែកជាច្រើនទៀត ។ ដោយឃើញមានការផ្ទុះនូវព័ត៌មាននេះ តាមបណ្តាញទំនាក់ទំនងសង្គមខ្លាំង ទើបបុគ្គលឈ្មោះ ជឿន ចក់ ក៏បានចេញវីដេអូសុំទោស ដល់ស្ថាប័នកងកម្លាំង ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្រោយពីទទួល បានការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ ជឿន ចក់ បានសន្យា ចំពោះមុខសមត្ថកិច្ចថា នឹងមិននិយាយអ្វីអោយ ប៉ះពាល់ដល់ស្ថាប័ន កងកម្លាំង នាពេលក្រោយទៀតហើយ និងបានយល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ សុំទោសដល់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាពិសេសសុំទោស ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។

សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាពរបស់បុគ្គលខាងលើ និងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យា។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹក ដល់អ្នកនិយមប្រើប្រាស់បណ្តាញសង្គមទាំងអស់ ប្រុងប្រយ័ត្ន ចំពោះការបញ្ចេញមតិណាមួយ ដែលប៉ះពាល់ដល់ស្ថាប័ននានា ជៀសវាងមានបញ្ហា ដែលអាចប្រឈមនឹងផ្លូវច្បាប់ជាធរមាន ៕

To Top