ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រាប់ប្រធានប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង អំពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតនិងបង្កើនបរិយាកាស អំណោយផល និងលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា។

ការលើកឡើងរបស់សម្ដេចធិបតីនេះ នាឱកាសអនុញ្ញាតឲ្យលោក John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី៣១ កក្កដា ។
ក្នុងឱកាសជំនួប លោក John KC LEE ប្រធានប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានជម្រាបសម្តេចធិបតី អំពីគោលបំណង នៃដំណើរទស្សនកិច្ច ដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនង រវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ។ តំណាងក្រុមហ៊ុនហុងកុងធំៗ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ចនាពេលនេះ ជាមួយលោកផងដែរ។ លោក John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគិន និងធុរជនហុងកុង នាពេលកន្លងមក។

សម្ដេចធិបតី បានសម្ដែងរីករាយ ចំពោះការសម្រេចបាន នូវការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទីភ្នាក់ងារមួយចំនួន របស់តំបន់រដ្ឋបាល ពិសេសហុងកុង ជាមួយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ។ ការណ៍នេះនឹងបង្កើតបន្ថែមទៀត នូវយន្តការជំរុញវិនិយោគ និងធុរកិច្ច និងរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា-ចិន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។

សម្ដេចធិបតី និងលោក John KC LEE ក៏បានពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង លើវិស័យសក្តានុពលជាច្រើនដូចជា៖ ពាណិជ្ជកម្ម និងវិនិយោគ , ហិរញ្ញវត្ថុ និងធនាគារ , បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល , ទេសចរណ៍ , ការអប់រំនិងការតភ្ជាប់ប្រជាជន និងប្រជាជន រួមទាំងការពិនិត្យលទ្ធភាពបង្កើនចំនួនជើងហោះហើរត្រង់ពីហុងកុង មកខេត្តសៀមរាបរបស់កម្ពុជា៕
