ភ្នំពេញ៖ ដើម្បីឱ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដំណើរការទៅដោយរលូន មានភាពគគ្រឹកគគ្រេង ធានាបានទាំងសន្តិសុខ សុវត្ថិភាព នោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីនេះឱ្យបានល្អ ដោយចាប់ផ្តើមពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីពេលនេះតទៅ ។

ការណែនាំរបស់លោក ឃួង ស្រេង ខាងលេីនេះ ធ្វេីឡេីង ក្នុងកិច្ចប្រជុំដើម្បីពិនិត្យពីវឌ្ឍនភាពការងារ ដែលបានរៀបចំតាមផែននីមួយៗ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដែលមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះរដ្ឋបាលរាជធានីភ្នំពេញ។

តាមគម្រោងដែលបានរៀបចំ នៅថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ ពោលគឺនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ មានព្រឹត្តការណ៍ដ៏ធំមួយ នៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំការប្រគុំតន្ត្រី ដែលមានអ្នកចូលរួម ប្រមាណជាង១ម៉ឺននាក់ មានការរៀបចំបាញ់កាំជ្រួចនៅទន្លេ៤មុខចំនួន២លើក។

លោក ឃួង ស្រេង បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាន នៅថ្ងៃទី៥សីហា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះនៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះអោយរដ្ឋបាល រាជធានីភ្នំពេញ ត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ នៅតាមអង្គភាពរបស់ខ្លួន ឱ្យបានសមស្រប ទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គរ មានភាពគគ្រឹកគគ្រែង ក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គរបែបនេះផងដែរ។

លោក ឃួង ស្រេង បានបន្តទៀតថា សម្រាប់ពេលរាត្រីថ្ងៃ០៥សីហា នៅកោះពេជ្រ យើងមានការរៀបចំការប្រគុំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រូចចំនួន២លើក នៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត។

ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីខាងលើនេះឱ្យបានល្អ ដោយចាប់ផ្តើមពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីពេលនេះតទៅ។ បន្ថែមពីនេះ ការរៀបចំអនាម័យ បរិស្ថានក៏ត្រូវធ្វើឡើង ឱ្យបានស្អាតព្រមៗគ្នាដែរ។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាន នាថ្ងៃទី០៥សីហា២០២៤ខាងមុខនេះ៕





