ព័ត៌មានជាតិ

ស្ថាប័នបីចុះ MOU ដើម្បីសម្រុះសម្រួល ផ្សះផ្សាវិវាទ ឱ្យកាន់តែមានប្រសិទ្ធភាព

រូបភាព លោក ជិន ម៉ាលីន

ភ្នំពេញ ៖ អាជ្ញាធរជាតិ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានចុះអនុស្សរណៈ នៃការយោគយល់គ្នាចំនួនពីរ ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ដើម្បីរួមចំណែកលើកកម្ពស់យន្តការនៃការ សម្រុះសម្រួលផ្សះផ្សាវិវាទ ក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ។

ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងថ្នាក់ដឹកនាំគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា, មន្ត្រីអគ្គលេខាធិការដ្ឋាន នៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ព្រមទាំងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. សរុប ១៧០នាក់ ។

អនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរគឺ ១ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង២ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ.ដ.ក ការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត របស់ អ.ដ.ក. ស្របទៅតាមផែនការ ដែលបានគ្រោងទុក ហើយនេះក៏ជាការរួមចំណែកលើកកម្ពស់យន្តការ នៃការសម្រុះសម្រួលផ្សះផ្សា វិវាទក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋ នៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ សំដៅសម្រេចឱ្យបាននូវទិសដៅ និងគោលនយោបាយពាក់ព័ន្ធ នឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងជាក់ស្ដែងនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ អ.ដ.ក. នឹង សហការជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ឬមជ្ឈមណ្ឌលជាតិ នៃមជ្ឈតការផ្នែកពាណិជ្ជកម្ម ដើម្បីចាត់ចែងនីតិវិធីបញ្ចប់ ជាស្ថាពរនូវវិវាទ ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ ជូនប្រជាពលរដ្ឋដោយជោគជ័យ ពោលគឺ មេធាវី ឬមជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែកពាណិជ្ជកម្ម អាចយកវិវាទដែលខ្លួនបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យមកស្នើសុំឱ្យ អ.ដ.ក. ទទួលស្គាល់ និងរៀបចំផ្ដល់ជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលមានអានុភាពអនុវត្តដូចសេចក្ដីសម្រេចស្ថាពររបស់តុលាការ ដូចករណីវិវាទដែលបានដោះស្រាយបញ្ចប់ក្នុងក្របខ័ណ្ឌ អ.ដ.ក. ផងដែរ។

បន្ថែមពីនេះ អ.ដ.ក. ក៏នឹងសហការជាមួយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែកពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីអត្ថប្រយោជន៍ នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការផងដែរ។

ជាទិសដៅការងារបន្ត អ.ដ.ក. នឹងបន្តសហការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលរាជធានី ខេត្តនៅទូទាំងប្រទេស ដើម្បីបន្តជំរុញ និងលើកកម្ពស់ការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅទូទាំងប្រទេស៕

To Top