ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ នៅរសៀលថ្ងៃ៣១ កក្កដា បានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ជាប្រតិភូក្រសួងសុខាភិបាល អមដោយសមាសភាពចូលរួម ពីអាជ្ញាធរមូលដ្ឋានលោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព។

បន្ទាប់ពីការថ្លែងអំណរគុណ សំណេះសំណាលរបស់លោក វ៉ី សំណាង សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍គន្លឹះ សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំដូចជា៖ ដឹកនាំ និងគ្រប់គ្រងមណ្ឌលសុខាភាព និងប៉ុស្តិ៍សុខភាព មន្ទីរពេទ្យឲ្យបានគ្រប់ជ្រុងជ្រោយ។ ស្វែងយល់ និងរកឲ្យឃើញចំណុចខ្វះខាត ដើម្បីចៀសវាងកុំឲ្យរឿងកើតមាន និងផ្តល់លំបាកដល់ពលរដ្ឋមករកទទួលសេវា។ បំពេញការងារក្រោមតម្លាភាព ច្បាស់លាស់ ទទួលខុសត្រូវលើរាល់គោលការណ៍ដែលផ្តល់ជូន ដោយមានការបញ្ជាក់វាស់វែង តាមថានានុក្រមទទួលខុសត្រូវ និងឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក។ ប្រជុំការងារ ត្រូវមានទិសដៅអនុវត្ត កត់ត្រាយកខ្លឹមសារតាមដានការអនុវត្ត និងវាស់វែងលទ្ធផលវឌ្ឍនភាព។ កុំមានការលំបាក ឬធ្វើឲ្យមានជាឧបសគ្គ ដល់ការមកទទួលសេវា ឬការបម្រើសេវាដល់ពលរដ្ឋ។ បង្កើនការស្វែងយល់ រៀនសូត្រ បន្តរៀបចំវគ្គបណ្តុះបណ្តាលក្នុងអង្គភាព ក៏ដូចជាបញ្ជូនមកបណ្តុះបណ្តាលនៅកម្រិតជាតិ។ សន្សំធនធានមនុស្សដែលជាទ្រព្យធន មានតម្លៃជាងអ្វីទាំងអស់។

ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋមន្រ្តី វាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តតាកែវ និងផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវមានស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នា សាមគ្គីភាពភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីចូលរួមកសាងប្រយោជន៍រួមនៃជាតិ តាមរយៈការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕




